ឯកឧត្តម គង់ វិបុល ណែនាំឲ្យមន្រ្តីពន្ធដារដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ប្រើប្រាស់សិទ្ធិ កាតព្វកិច្ចឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់


 (ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បានណែនាំឲ្យមន្រ្តីរាជការពន្ធដារ ដែលមានសិទ្ធិ និងកាតព្វកិច្ចរបស់ជានគរបាលយុត្តិធម៌ ត្រូវអនុវត្តការងារ និងប្រើប្រាស់នីតិសម្បទានេះឱ្យបានល្អ និងត្រឹមត្រូវ តាមនីតិវិធីច្បាប់ ដែលបាន កំណត់ ហើយត្រូវមានកិច្ចសហការជិតស្និទ្ធិ ជាមួយស្ថាប័នតុលាការ ដែលជាស្ថាប័នគ្រប់គ្រងលើ ការងារបន្ថែម ក្នុងដែនសមត្ថកិច្ចពាក់ព័ន្ធ។

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ជាមួយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិ ធម៌ តំណាងរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌» ដោយមានវត្តមានចូលរួមរបស់គ្រូបង្គោលនៃក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីពន្ធដារពាក់ព័ន្ធដែលជាសិក្ខាកាមសរុបចំនួន ១៣៣៩ រូប ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

ស្របតាមប្រកាសអន្តរក្រសួងលេខ ០៧៥ កយ.សហវប្រក/២១ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធី បណ្ដុះបណ្ដាលស្តីពី «ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ» ចំនួន៣វគ្គ ជូនមន្រ្តីរាជការពន្ធដារសរុបចំនួន ១៣៣៩រូប ក្នុងនោះមានមន្រ្តីនគរបាលយុត្តិធម៌ចំនួន ៥៦៦រូប និងភ្នាក់ងារនគរបាលយុត្តិធម៌ចំនួន ៧៧៣រូប ក្រោមកិច្ចសហការរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌។

វគ្គបណ្តុះបណ្តាលនីមួយៗ មានរយៈពេល៣ថ្ងៃ ដែលផ្ដោតលើប្រធានបទចំនួន៤ដូចជា (១).គោល ការណ៍គ្រឹះនៃក្រមព្រហ្មទណ្ឌ (២).នគរបាលយុត្តិធម៌ (៣).អង្គការអយ្យការ និង (៤).យុត្តាធិការ ស៊ើបសួរ និងជំនុំជម្រះ។ សម្រាប់កម្មវិធីបណ្តុះបណ្តាលវគ្គទី១ សម្រាប់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវបានរៀបចំ និងប្រព្រឹត្តទៅនាថ្ងៃទី ១១-១៣ ខែកក្កដា ឆ្នាំ២០២២ មានមន្ត្រីពន្ធដារជាសិក្ខាកាម ចូលរួមសរុបចំនួន ៥៧៥ រូប បានចូលរួមដោយផ្ទាល់ នៅសាលប្រជុំនៃសាលាជាតិពន្ធដារ និងចូល រួមតាមប្រព័ន្ធអនឡាញ។

ក្នុងរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្រសួងយុត្តិធម៌បានចាត់ក្រុមគ្រូបង្គោលរួមមាន ១. លោក នុប សុធនវិសុទ្ធ ប្រធាននាយកដ្ឋាន ស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ក្នុងវិស័យព្រហ្ម ទណ្ឌ, ២. លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋាន កិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស, លោក លី សុផាណា ព្រះរាជអាជ្ញាក្រសួងយុត្តិធម៌, និង លោក ជូ ទីឡេង មន្រ្តីគ្រប់គ្រងរដ្ឋបាល។

ឯកឧត្តម គង់ វិបុល បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ក្រសួងយុត្តិធម៌ ដែលបានយកចិត្ត ទុកដាក់ នៅក្នុងការរៀបចំកម្មវិធី ឯកសារបង្រៀន និងផ្ដល់ការបណ្ដុះបណ្ដាល ព្រមទាំងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក ប៉ែន ពេជ្រសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និង ក្រុមគ្រូបង្គោលនៃក្រសួងយុត្តិធម៌ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមផ្តល់ការ បណ្ដុះបណ្ដាលនូវជំនាញ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗថែមទៀត ដើម្បីពង្រឹង និង បង្កើនសមត្ថភាពរបស់ខ្លួន ទាំងផ្នែកការយល់ដឹងទូទៅ ផ្នែកជំនាញវិជ្ជាជីវៈ និងផ្នែកច្បាប់ និងបទ ប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌។

ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា មន្ត្រីពន្ធដារជាសិក្ខា កាមទាំងអស់នឹងទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ជាពិសេសចំណេះដឹង ស្ដីពី ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌ ។ü

ឯកឧត្តម បន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុកដាក់ក្នុងការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្ស របស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាការរួមចំណែកក្នុង ការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ដើម្បីសម្រេចបានដោយជោគជ័យ នូវបេសកកម្ម ប្រមូលចំណូលពន្ធដារ៕