ភ្ញៀវអន្តរជាតិចូលមកកម្ពុជាកើនឡើងលឿន ក្រោយបញ្ចប់ការតម្រូវចត្តាឡីស័កសម្រាប់អ្នក មិនទាន់ចាក់វ៉ាក់សាំង


 (ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួង-ស្ថាប័នជំនាញ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានកត់សម្គាល់ថាចំនួនអ្នកដំណើរអន្តរជាតិដែលចូលមកកម្ពុជាតាមផ្លូវអាកាស និងផ្លូវគោកមាន ការកើនឡើងលឿន ភាគច្រើនមកពីប្រទេសជិតខាង។

គួរជម្រាបថា កាលពីដើមខែកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួល លក្ខខណ្ឌតម្រូវចត្តាឡីស័កចំពោះទេសចរជាតិ-អន្តរជាតិដែលពុំទាន់ចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់ សាំងកូវីដ-១៩ដូសមូលដា្ឋនមិនទាន់បានពេញលេញ ដោយតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩នៅតាម ច្រកទ្វារអន្តរជាតិ។ ករណីលទ្ធផលអវិជ្ជមាន ទេសចរជាតិ-អន្តរជាតិអាចធ្វើដំណើរកម្សាន្តតាម គោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ ករណីលទ្ធ ផលវិជ្ជមានជាជំងឺស្រាល ត្រូវព្យាបាលព្យាបាលអ្នកជំងឺនៅតាមផ្ទះ។ ករណីលទ្ធផលវិជ្ជមានជាជំងឺធ្ងន់ ត្រូវទទួលការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ-១៩តាមមន្ទីរ ពេទ្យដែលបានធ្វើសមាហរណកម្មក្នុងប្រព័ន្ធសុខាភិបាលតែមួយ។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវ វិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញស្ថិតិដែរថា រយៈពេល៦ខែដើមឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ក្នុងសន្និបាតនោះ ឯកឧត្តម ជា អូន រដ្ឋលេខាធិការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា ក្នុងខែមិថុនា និងក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយក្នុងខែកក្កដានេះ ចំនួនអ្នកដំណើរអន្តរជាតិមក កម្ពុជាតាមផ្លូវអាកាសបានកើនឡើងប្រមាណ១៩ម៉ឺននាក់ ស្មើនឹង ២៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលមានប្រមាណជាង៨២ម៉ឺននាក់ ស្មើនឹង ៩០៣% បើប្រៀបធៀបខែមិថុនា ឆ្នាំ២០២១ ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា ភាគច្រើន ហូរចូលពីប្រទេសថៃ និងវៀតណាម ដោយភ្ញៀវទេសចរអន្តរជាតិទាំងនោះបានចូលទៅប្រទេស ជិតខាងសិន មុនចូលមកកម្ពុជា ដោយហេតុថាកម្ពុជាមិនទាន់ជើងហោះហើរត្រង់ពីប្រទេសពួកគេ។

លោកស្រីប្រធានសមាគមបានបន្តថា នៅពេលភ្ញៀវទេសចរបានទទួលព័ត៌មានថា រាជរដ្ឋាភិបាល កម្ពុជាបានបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩នោះរួចមក ពួកគេមានការសប្បាយចិត្តណាស់។ ប្រធានសមាគម CATA រំពឹងថានឹងមានភ្ញៀវ ចូលមកច្រើនជាងមុន និងបន្ថែមឱកាសការងារសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក៏ដូច ជាមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។

ឯកឧត្តម ជា អូន បានបន្ថែមទៀតថា យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលបានទទួលពាក្យស្នើសុំបើកការហោះហើរ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍បាន ប្រមាណ៧១,២២៩ជើង ហើយរំពឹងថានឹងអាចកើនប្រមាណ ៦៨% ប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមាណជិត១០៥,០០០ជើង។

ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា នៅក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលបានដាក់ពាក្យ ស្នើសុំបើកជើងហោះហើរមកកម្ពុជា គឺមានក្រុមហ៊ុនចិនបានដាក់ពាក្យស្នើសុំបើកហោះហើរថ្មីមក រាជធានីភ្នំពេញមានចំនួន១១ក្រុមហ៊ុន កើនឡើង៣៨ក្រុមហ៊ុន មកកាន់ខេត្តសៀមរាបមានចំនួន៣ ក្រុមហ៊ុនបន្ថែម កើនឡើង២១ក្រុមហ៊ុន និងមកកាន់ខេត្តព្រះសីហនុមានចំនួន៣ក្រុមហ៊ុន កើនឡើង ១០ក្រុមហ៊ុន។

នៅក្នុងសន្និបាតដដែល ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក៏បានស្នើ ទៅកាន់បណ្តាច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវបង្កើនការធ្វើប ដិសណ្ឋារកិច្ចទទួលភ្ញៀវឱ្យបានល្អប្រសើរ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេស និងបានបន្ធូរបន្ថយលក្ខខណ្ឌអ្នកដំណើរអន្តរជាតិអាចធ្វើ Visa On Arrival នៅពេលភ្ញៀវអន្តរជាតិ មកដល់ច្រកទ្វារព្រំដែនអន្តរជាតិពិសេសគឺបានបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩។

សូមជម្រាបថាក្រសួងទេសចរណ៍រំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕