តៃវ៉ាន់ និងអ៊ុយក្រែន អាចជារបៀបវារៈសំខាន់នៃជំនួបតាមទូរស័ព្ទរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ចំពោះមុខភាពតានតឹង ជុំវិញកោះតៃវ៉ាន់ និងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសន្តិសុខ ជាតិសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានបញ្ជាក់ថា សំណុំរឿងតៃវ៉ាន់ សង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំង២ អាចនឹងក្លាយជាប្រធានបទ សំខាន់នៅក្នុងជំនួបរវាងលោក បៃដិន និងលោក ស៊ី ជិនពីង។

កិច្ចពិភាក្សាខាងលើ នឹងក្លាយជាកិច្ចពិភាក្សាតាមទូរស័ព្ទជាលើកទី៥ រវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង និងកើតមានឡើងចំពេលទីក្រុងប៉េកាំង ព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងផែការដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ នៅខែសីហា។

មកទល់នឹងពេលនេះ រដ្ឋបាលលោក ចូ បៃដិន នៅតែបន្តញ្ចុះបញ្ចូលឱ្យលោកស្រី ផេឡូស៊ី កែប្រែ ចិត្តបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ នៅខែសីហា ដោយសំអាងថាវាមិនមែនជាគំនិតល្អនោះ ទេ។ ចំណែកឯ ខាងលោកស្រី ផេឡូស៊ី ផ្ទាល់ក៏មិនទាន់បញ្ជាក់ឱ្យច្បាស់ថាលោកស្រីនឹងនៅតែ បំពេញទស្សនកិច្ចតាមការគ្រោងទុក ឬក៏យ៉ាងណានោះទេ ខណៈលោក ចន ឃឺប៊ី បាននិយាយ ថាការសម្រេចចិត្តណាមួយ គឺអាស្រ័យលើលោកស្រី ផេឡូស៊ី៕