រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចនៅអឺរ៉ុបជាលើកដំបូង ចាប់តាំងពីការស្លាប់របស់លោក ខាសូកជី


 (អាថែន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ គឺព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានធ្វើដំណើរ ទៅដល់ប្រទេសក្រិកហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយ នឹងត្រូវបន្តដំណើរទៅកាន់ប្រទេស បារាំង ក្នុងសប្ដាហ៍នេះ ជាផ្នែកមួយនៃការបំពេញទស្សនកិច្ចលើកដំបូង ចាប់តាំងពីការស្លាប់របស់ អ្នកកាសែត លោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi) កាលពីឆ្នាំ២០១៨មក។

នៅក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប ព្រះអង្គម្ចាស ប៊ីន សាល់ម៉ាន នឹងត្រូវជួបពិភាក្សាការងារជាមួយ មេដឹកនាំក្រិក និងបារាំង ដោយផ្ដោតជាសំខាន់លើ ទំនាក់ទំនងទ្វេភាគី និងការស្វែងរកមធ្យោបាយ ពង្រឹងទំនាក់ទំនងលើគ្រប់វិស័យហើយមិនតែប៉ុណ្ណោះប្រេងក៏នឹងក្លាយជារបៀបវារៈដ៏សំខាន់មួយដែរ នៅក្នុងជំនួបនេះ ខណៈអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងជំរុញឱ្យអារ៉ាប៊ីសាអូឌីត បង្កើនការផលិត ប្រេងដើម្បីបញ្ចុះតម្លៃប្រេងដែលឡើងថ្លៃ ដោយសារតែ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន កើតមានឡើងតែជាង២សប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសា អូឌីត ហើយត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ ដោយគ្មានការប្ដេជ្ញាចិត្តអ្វីជាដុំកំភួននោះទេពីរជ្ជ ទាយាទ អារ៉ាប៊ីសាអូឌីត ជុំវិញបញ្ហាប្រេង។

ការស្លាប់របស់អ្នកកាសែត លោក ចាម៉ាល់ ខាសូកជី នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទី ក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨ បានបង្កឱ្យមានការថ្កោលទោសយ៉ាង ខ្លាំងលើព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ ក្រោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA សន្និដ្ឋាន ថាអំពើឃាតកម្ម នេះមានជាប់ពាក់ព័ន្ធនឹងព្រះអង្គ។ ប៉ុន្តែ ខាងទីក្រុងរីយ៉ាដបានច្រានចោលការចោទ ប្រកាន់បែបនេះ៕