A
(ភ្នំពេញ)៖ លោកស្រី Jyotsana Varma នាយកប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ីបាន សម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ។
ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសទទួលបានការអនុញ្ញាតពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ចូលជួបសម្តែងការគួរសម រាយការណ៍ និងពិភាក្សាការងារអំពី កិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ នាទីស្តីការ ក្រសួងសុខាភិបាល។

លោកស្រីក៏បានគូសរំលេច អំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងជំងឺឆ្លង ក្នុងមហាអនុតំបន់មេគង្គ ដូចជាការចែករំលែកព័ត៌មាន ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការការពារត្រួតពិនិត្យការឆ្លងរោគ នៅក្នុងមន្ទីរពេទ្យ ការពង្រឹងសមត្ថភាពត្រៀមរៀបចំ និងឆ្លើយតបបន្ទាន់ការរាលដាលជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ១៩ និងគម្រោងព្រមានជាមុននៅកម្ពុជា (Cambodia Early Warning System) ក្នុងករណីមានការរាតត្បាតនៃជំងឺឆ្លងនានា ដូចជាជំងឺកូវីដ១៩ ជំងឺគ្រុនចាញ់ របេង និងអេដស៍។
ទន្ទឹមនឹងនោះ លោកស្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល ដែលតែងសហការយ៉ាងជិតស្និទ្ធ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអនុវត្តគម្រោងនានា។ ជាពិសេស លោកស្រីក៏បានស្នើសុំ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តគាំទ្រកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយក្រសួងសុខាភិបាល។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាង កក់ក្តៅ ចំពោះវត្តមានរបស់លោកស្រីនាយកប្រចាំប្រទេស ដែលត្រូវបានចាត់តាំងឱ្យមកបំពេញ បេសកកម្មនៅកម្ពុជា នាពេលនេះ។
ឯកឧត្តម រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រហិរញ្ញប្បទាន ឥណទាន សម្រាប់គម្រោងសន្តិសុខសុខភាពនៃមហាអនុតំបន់មេគង្គ ចាប់តាំងពីឆ្នាំ២០១៦មក និងការផ្តល់ ឥណទានបន្ថែម សម្រាប់គម្រោងឆ្លើយតបនឹងការរាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម រដ្ឋមន្រ្តីក៏បានសម្តែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែគាំទ្រដល់ កិច្ចសហប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺឆ្លងនៅតាមព្រំដែន នៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ និងបន្តគាំទ្រគម្រោងនេះជាបន្តទៀត៕

































