(ព្រុចសែល)៖ តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ គឺ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរំពឹងទុកថាសាមគ្គីភាពរបស់សហភាពអឺរ៉ុប នឹងមានការប្រេះស្រាំនៅពេលដែលតម្លៃទំនិញ ឡើងថ្លៃគ្រប់មុខ ដែលនឹងជះផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់អឺរ៉ុប ដោយ សារតែការជួយដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹង ការឈ្លានពានរបស់រុស្ស៉ី។
នៅក្នុងបទសម្ភាសន៍ជាមួយ AFP លោក បូរែល បានគូសបញ្ជាក់ថា «លោក ពូទីន អាចយល់ ឃើញថាប្រជាជនអឺរ៉ុបមានភាពនឿយហត់ និងស្ទាក់ស្ទើរ ក្នុងការទទួលផលវិបាក ដែលកើតចេញ ពីការគាំទ្រសម្រាប់អ៊ុយក្រែន។ ដូច្នេះយើងត្រូវតែស៊ូទ្រាំទប់ទល់នឹងបញ្ហាដែលកើតមានក្នុងតំបន់ អឺរ៉ុប»។ លោក បូរែល ក៏បានព្រមានដែរថា ការរក្សាបាននូវសាមគ្គីភាពក្នុងចំណោមប្រទេសជា សមាជិកទាំង២៧ គឺជាកិច្ចការដែលត្រូវអនុវត្ត «ពីមួយថ្ងៃទៅមួយថ្ងៃ» ដ្បិត សហភាពអឺរ៉ុប គឺជា សមាគមនៃរដ្ឋដែលមានវិធីសាស្រ្តផ្សេងគ្នា ដើម្បីទល់នឹងរុស្ស៊ីឡើយ។

នៅសប្តាហ៍ក្រោយនេះ លោក បូរែល នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ សហភាពអឺរ៉ុបនៅទីក្រុង ប្រាក (Prague) នៃសាធារណៈរដ្ឋឆែក ជាដែលលោកត្រូវបានគេរំពឹងថា នឹងលើកឡើងពីគោលនយោបាយការទូតរួបរួមគ្នា ដើម្បីបន្តប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ី៕































