(សេអ៊ូល)៖ តាមយោធាកូរ៉េខាងត្បូង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ធ្លាក់ចូលក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយក្នុងនោះមានមីស៊ីលមួយគ្រាប់ ហោះរំលងតំបន់ព្រំដែនទឹកជាប់ជាមួយកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង បានឱ្យដឹងទៀតថាមីស៊ីលទាំង៣គ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីទីក្រុង វ៉ុនសាន (Wonsan) ស្ថិតនៅឆ្នេរភាគខាងកើតរបស់ កូរ៉េខាងជើង នៅម៉ោងប្រហែល ៨៖៥១នាទី ព្រឹក (ម៉ោងក្នុងតំបន់)។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ សប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថានេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុង ព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង២៤០គ្រឿង ដែល នឹងបិទបញ្ចប់នៅថ្ងៃសុក្រ សប្ដាហ៍នេះចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕
































