សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់បញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលអ៊ុយក្រែន ក្នុងការដោះមីន

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនថា ដោយសហការជា មួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះ បណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ ប្រធានាធិប តីអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីន របស់អ៊ុយក្រែនតាមពេលវេលាសមស្រប។

លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមាន បំណងផ្តល់ជំនួយខាងដោះមីននេះ៕