ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាជាន់ខ្ពស់ គម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព បើកវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP = Regional Comprehensive Economic Partnership) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យា ស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)។

ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីនៃប្រទេសដែលជាសមាជិកអាសិប គណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងអាសិប និងស្ថាប័នបុត្រសម្ព័ន្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ ក្រុមប្រឹក្សា និងសមាគមធុរកិច្ច អ្នកស្រាវជ្រាវពីវិទ្យា ស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា លេខាធិការដ្ឋានអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងៗ។

 ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងកិច្ចពិភាក្សាជុំទីមួយវាគ្មិន និងក្រុមពិភាក្សានឹងផ្លាស់ប្តូរទស្សនៈស្តីពីការបង្កើតកិច្ចព្រម ព្រៀងអាសិប ក៏ដូចជាពិភាក្សាការអនុវត្តកិច្ចព្រមព្រៀងអាសិបចាប់តាំងពីការចូលជាធរមាន។ ក្នុងកិច្ចពិភាក្សានេះ នឹងមានការចូលរួមពីក្រុមពិភាក្សាកម្រិតខ្ពស់ និងក្រុមអ្នកពាក់ព័ន្ធ។ កិច្ចពិភាក្សាជុំទីពីរ នឹងរួមបញ្ចូលការពិភាក្សាអំពីជំពូកសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិប និងផល បច្ច័យរបស់វាចំពោះសេដ្ឋកិច្ចក្នុងស្រុក និងសមាហរណកម្មតំបន់។

វេទិកាជាន់ខ្ពស់ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំនៃអាសិប មានគោលបំណងសំខាន់ចំនួន៣ រួមមាន៖
១៖ រំលឹកដំណើរដ៏វែងឆ្ងាយរបស់កិច្ចព្រមព្រៀងអាសិប និងគូសបញ្ជាក់ពីសមិទ្ធផលនៃកិច្ចព្រម ព្រៀង និងបទពិសោធន៍តាំងពីដំណាក់កាលចរចាដំបូងរបស់ខ្លួន ក៏ដូចជាស្វែងយល់ពីវិស័យ អាទិភាព ដើម្បីជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងអាសិបឱ្យមានប្រសិទ្ធភាព។
២៖ អភិវឌ្ឍការយល់ដឹងឱ្យកាន់តែស៊ីជម្រៅលើធាតុសំខាន់ៗនៃកិច្ចព្រមព្រៀង និងបញ្ជាក់ពីផល បច្ច័យនៃកិច្ចព្រមព្រៀងអាសិប ទៅនឹងបរិវត្តកម្មរចនាសម្ព័ន្ធក្នុងស្រុក និងការធ្វើសមាហរណកម្ម តំបន់ជាមួយនឹងពិធីប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។
៣៖ ពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធលើសារសំខាន់ និងកាលានុវត្តភាពនៃកិច្ចព្រមព្រៀង អាសិប ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើននៅក្នុងតំបន់។

វេទិកាជាន់ខ្ពស់នេះ អមដោយព្រឹត្តិការណ៍សំខាន់ៗចំនួនពីររួមមាន៖
១៖ ខួបលើកទី១០ នៃគំនិតផ្តួចផ្តើមអាសិប៖ រំលឹកឡើងវិញនៃដំណើររយៈពេល ១០ឆ្នាំរបស់កិច្ច ព្រមព្រៀងអាសិប ក៏ដូចជាការពិភាក្សាអំពីសមិទ្ធផល និងមេរៀនដែលទទួលបានពីការចរចា និងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់មួយនេះ ដែលនឹងបញ្ចប់ការអនុវត្តប្រកបដោយជោគជ័យនា ពេលខាងមុខ។
២៖ ពិធីប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ី បូព៌ាក្រោមមូលបទ៖ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ក្នុងក្របខណ្ឌសម្រាប់សមាហរណកម្មតំបន់»។ សៀវភៅនេះ បានធ្វើការវិភាគ និង ស្វែងយល់ពីធាតុសំខាន់ៗនៃកិច្ចព្រមព្រៀង ព្រមទាំងបញ្ចូលនូវកិច្ចពិភាក្សាអំពីផលប៉ះពាល់ និង សក្តានុពលសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិបចំពោះដំណើរសមាហរណកម្មក្នុងតំបន់។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប ជាគំនិតផ្ដួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ កិច្ចចរចានេះត្រូវបានចាប់ផ្តើមឡើងដោយប្រទេសចំនួន១៦ តែក្រោយមកប្រទេសឥណ្ឌា បានដកខ្លួនទៅវិញ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងអាសិប មានគោលបំណងពង្រឹងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងរួមចំណែកកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមភាគីនានា។ កិច្ចព្រមព្រៀងអាសិប ផ្តល់នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទំនើប គ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន។ កិច្ចព្រមព្រៀងអាសិបមានសារៈសំខាន់ចំពោះជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ នៅអាស៊ីបូព៌ា។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ រួមមាន៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។

កិច្ចព្រមព្រៀងអាសិប គ្របដណ្តប់ប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬស្មើនឹង ៣០%នៃចំនួនប្រជាជនពិភពលោក, កិច្ចព្រមព្រៀងនេះ មាន ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, មានទំហំពាណិជ្ជកម្មប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។

កិច្ចព្រមព្រៀងនេះ ផ្តល់នូវការអនុគ្រោះពន្ធទំនិញក្នុងតំបន់ប្រមាណ ៩០ភាគរយ។ កិច្ចព្រមព្រៀងនេះនឹងវិសាលភាពគ្រប់ដណ្តប់ទៅលើវិស័យសំខាន់ៗ មួយចំនួនមានដូចជា ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការអនុញ្ញាតឱ្យធ្វើវិនិយោគ ស្តង់ដានិងបច្ចេកទេស ការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យសត្វ និងរុក្ខជាតិ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកទេស កម្មសិទ្ធិបញ្ញា ធុរកិច្ចអេឡិចត្រូនិច ដំណោះស្រាយវិវាទ និងវិស័យផ្សេងៗ។

កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យការទិញទំនិញនឹងមានតម្លៃកាន់តែថោក ធ្វើទេសចរណ៍កាន់តែងាយស្រួល
សហគ្រាសកាន់តែមានទំនុកចិត្ត ការវិនិយោគកាន់តែមានប្រសិទ្ធភាព។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧.៣% វិនិយោគចំនួន ២៣.៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះ លើទំនិញសំខាន់ៗជាច្រើន។ មុខទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធនោះមានដូចជា៖

* ទំនិញកសិកម្ម រួមមាន៖ គ្រាប់ស្វាយចន្ទី, ពោត, ដូង, ស្វាយស្រស់, ចេក, ដំលូងជ្វា, ទឹកឃ្មុំ, ម្សៅរមៀត, ក្រូច, ល្ហុង, ផ្លែផាសិន, ខ្ទឹម, ត្របែក, ស្រកានាគ, ទុរេន, …។ល។

* ទំនិញកសិកម្មកែច្នៃ រួមមាន៖ គុយទាវ, នំក្រៀម, សំបុកត្រចៀកកាំ, ទំនិញកែច្នៃពីត្រី, ម្សៅដំឡូងមី, ទំនិញកែច្នៃពីដូង, ប្រេងសណ្តែកដី, សាច់ក្រក, ទឹកម្ទេស, ដំណាប់ចេក, ដំណាប់ស្វាយ,ដំណាប់ទុរេន, មីកញ្ចប់, …។ល។

* ទំនិញឧស្សាហកម្ម រួមមាន៖ កង់, សំលៀកបំពាក់, ស្បែកជើង, គ្រឿងបង្ខំអេឡិចត្រូនិក, ខ្សែកាបអេឡិចត្រូនិកអគ្គិសនី, គ្រឿងសង្ហារឹម, ស្ករស, ស្ករអំពៅ, កាបូបយួរដៃ, វ៉ាលី, ខ្សែភ្លើង, សម្ភារកីឡា,ជ័រកែច្នៃ, សំបកថ្នាំពេទ្យ, ជ័រកៅស៊ូធម្មជាតិរាវ, កៅស៊ូក្នុងទម្រង់បន្ទះ, កៅស៊ូឡាតិច, ក្រណាត់ក្រាល, កម្ទេចឈើកែច្នៃ,…។ល។

កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ។ កិច្ចព្រមព្រៀងនេះក៏នឹងជួយជំរុញកំណើននៃការនាំចេញ និងកំណើនផលទុនសរុបក្នុងស្រុក ព្រមទាំងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា បានឆាប់រហ័សដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។

កិច្ចព្រមព្រៀងអាសិប មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។ កិច្ចព្រមព្រៀងអាសិប នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ នាំមកនូវឱកាសទីផ្សារនិងការងារ សម្រាប់អាជីវកម្មនិងប្រជាជននៅក្នុងតំបន់។

កិច្ចព្រមព្រៀងនេះមាន មាន ២០ជំពូក ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

* ជំពូកទី១ បទប្បញ្ញត្តិដើម និងនិយមន័យទូទៅ៖ បានកំណត់ពីគោលបំណងនៃការចរចាអាសិប ក្នុងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចដែលមានលក្ខណៈទំនើប គុណភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយគិតគូរពីភាពខុសគ្នានៃការអភិវឌ្ឍនិងតម្រូវការសេដ្ឋកិច្ចរបស់ភាគីនានា ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។

* ជំពូកទី២ ពាណិជ្ជកម្មទំនិញ៖ បានធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញបន្ថែម និងផ្តល់ភាពអនុគ្រោះទីផ្សារ តាមរយៈការធ្វើសេរីភាវូបនីយកម្មពន្ធគយជាបន្តបន្ទាប់ ជាពិសេសការលុបបំបាត់ពន្ធគយក្នុងរយៈពេលសមស្រប ការលុបបំបាត់ការឧបត្ថម្ភធននាំចេញកសិកម្ម ការលុបបំបាត់ជាទូទៅនៃការរឹតបណ្តឹងបរិមាណ និងបំពេញបន្ថែមការធ្វើសេរីភាវូបនីយកម្មពន្ធគយ គោលការណ៍ទាក់ទងនឹងការអនុវត្តវិធានការមិនមែនពន្ធ នីតិវិធីរដ្ឋបាលសម្រាប់អាជ្ញាបណ្ណនាំចូលនិងការអនុវត្តកម្រៃសេវា និងបែបបទទាក់ទងនឹងការនាំចេញ និងនាំចូល។

* ជំពូកទី៣ វិធានដើមកំណើតទំនិញ៖ បានដាក់ចេញនូវគោលការណ៍ណែនាំ វិធានដើម្បីកំណត់ និងបញ្ជាក់ដើមកំណើតទំនិញដែលមានភាពងាយស្រួលជាងមុន ដើម្បីទទួលបានការអនុគ្រោះពន្ធ ជាពិសេសតាមរយៈវិធានបូកបន្ថែមតម្លៃតំបន់ (Regional Cumulation) ដែលអនុញ្ញាតឱ្យប្រទេសជាសមាជិក បូកបញ្ចូលតម្លៃនៃវត្ថុធាតុដើម ដែលនាំចូលពីប្រទេសសមាជិកអាសិបទាំង១៥ ក្នុងដំណើរការផលិតនិងនាំចេញទៅប្រទេសអាស៊បវិញ។

* ជំពូកទី៤ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម៖ បានបង្កើតបរិយាកាសអំណោយផល សំដៅធ្វើឱ្យរីកចម្រើនខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកល តាមរយៈបទប្បញ្ញត្តិដែលសាមញ្ញ អាចប៉ាន់ស្មានបាន និងមានតម្លាភាព ក្នុងការអនុវត្តច្បាប់និងបទប្បញ្ញត្តិគយ និងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃនីតិវិធីគយ និងបញ្ចេញទំនិញបានឆាប់រហ័ស ស្របតាមការអនុវត្តនិងស្ដង់ដារល្អបំផុតអន្តរជាតិ។

* ជំពូកទី៥ អនាម័យ និងភូតគាមអនាម័យ៖ បានដាក់ចេញនូវក្របខណ្ឌមូលដ្ឋានសម្រាប់ការរៀបចំ អនុម័ត និងអនុវត្តវិធានការអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារ និងការពារជីវិតមនុស្ស សត្វ រុក្ខជាតិ ឬសុខភាព ដោយធានាថាវិធានការអនាម័យ និងភូតគាមអនាម័យ ត្រូវអនុវត្ត តែក្នុងស្ថានភាពចាំបាច់បំផុតដើម្បីការពារសុខភាព និងកាត់បន្ថយផលប៉ះពាល់មកលើពាណិជ្ជកម្ម។

* ជំពូកទី៦ ស្ដង់ដារ បទដ្ឋានបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព៖ បានពង្រឹងការអនុវត្តកិច្ចព្រមព្រៀងរបាំងបច្ចេកទេសពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងលើកកម្ពស់ការយល់ដឹងពីគ្នទៅវិញទៅមកអំពីស្ដង់ដារ បទដ្ឋានបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាពរបស់ភាគីនីមួយៗ ក៏ដូចជាពង្រឹងនិងសហការក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសដែលមិនចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្ម។

* ជំពូកទី៧ ឧបាស្រ័យពាណិជ្ជកម្ម៖ បានដាក់ចេញនូវវិធានការការពារ និងការប្រឆាំងការលក់បង្ខូចថ្លៃ និងវិធានការពន្ធប៉ះប៉ូវ ដែលអនុញ្ញាតឱ្យភាគីនីមួយៗប្រើប្រាស់យន្តការ ដើម្បីដោះស្រាយការខាតបង់ ឬការគំរាមកំហែងការខាតបង់ដល់ឧស្សាហកម្មក្នុងស្រុក ដោយផ្អែកលើសិទ្ធិ និងការតព្វកិច្ចរបស់ភាគីនីមួយៗដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាក់ព័ន្ធនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

* ជំពូកទី៨ ពាណិជ្ជកម្មសេវាកម្ម៖ បានធ្វើសេរីភាវូបនីយកម្មកាន់តែទូលាយ ដែលនឹងបើកផ្លូវឱ្យការធ្វើពាណិជ្ជកម្មសេវាកម្មកាន់តែប្រសើរឡើង តាមរយៈការកាត់បន្ថយភាពរឹតត្បិត និងវិធានការរើសអើងសម្រាប់ពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនក្នុងវិស័យសេវាកម្ម។

* ជំពូកទី៩ បម្លាស់ទីរូបវ័ន្តបុគ្គល៖ បានដាក់ចេញនូវកាតព្វកិច្ចរបស់ភាគីនៃកិច្ចព្រមព្រៀងអាសិប ទាក់ទងនឹងការសម្របសម្រួលនៃការចូល និងការស្នាក់នៅបណ្តោះអាសន្ននៃរូបវ័ន្តបុគ្គល ដែលចូលរួមក្នុងពាណិជ្ជកម្មទំនិញ ការផ្គត់ផ្គង់សេវាកម្ម ឬវិនិយោគ អាស្រ័យលើលក្ខខណ្ឌ និងការកំណត់នៅក្នុងតារាងសន្យា ដូចជា រយៈពេលនៃការស្នាក់នៅជាដើម។

* ជំពូកទី១០ ការវិនិយោគ៖ បានបង្កើតបរិយាកាសវិនិយោគ ដែលមានភាពសេរីនៅក្នុងតំបន់ និងបានដាក់ចេញនូវបទប្បញ្ញត្តិ ដែលមានលក្ខណៈល្អប្រសើរ គ្របដណ្តប់លើសសរស្តម្ភទាំងបួននៃការវិនិយោគ រួមមាន ការការពារ ការធ្វើសេរីភាវូបនីយកម្ម ការលើកកម្ពស់ និងកិច្ចសម្រួលវិនិយោគ បន្ថែមពីលើអ្វីដែលមានស្រាប់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ព្រមទាំងអនុញ្ញាតឱ្យកែលម្អបទប្បញ្ញត្តិ កិច្ចសម្រួលវិនិយោគ ដែលនឹងជួយដោះស្រាយកង្វល់របស់អ្នកវិនិយោគ ដូចជាការដោះស្រាយបណ្តឹងតវ៉ា និងការតវ៉ា ដែលអាចកើតមាន។

* ជំពូកទី១១ កម្មសិទ្ធិបញ្ញា៖ បានដាក់ចេញនូវវិធីសាស្ត្រដែលមានតុល្យភាព និងប្រកបដោយបរិយាប័ន្ន ក្នុងការការពារ និងពង្រឹងការអនុវត្តច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញានៅក្នុងតំបន់ ព្រមទាំងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា បន្ថែមពីលើក្របខ័ណ្ឌដែលផ្តល់ឱ្យក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក រួមមាន៖ វិធានការការពារ បច្ចេកវិទ្យា និងការអនុវត្តសិទ្ធិឌីជីថល និងការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិក ដែលសមស្របនឹងការមកដល់នៃយុគសម័យឌីជីថល។

* ជំពូកទី១២ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៖ បានជំរុញការប្រើប្រាស់ពាំណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាភាគី។ ភាគីអាសិប ក៏បានយល់ព្រមរក្សាការអនុវត្តបច្ចុប្បន្ននៃការមិនអនុវត្តពន្ធគយសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក។

* ជំពូកទី១៣ ការប្រកួតប្រជែង៖ បានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពអ្នកប្រើប្រាស់ដោយផ្តល់សិទ្ធិដល់ភាគីនីមួយៗក្នុងការបង្កើត ឬរក្សាច្បាប់ប្រកួតប្រជែងដែលមានស្រាប់ និងសមត្ថកិច្ចក្នុងការហាមឃាត់សកម្មភាពប្រឆាំងនឹងការប្រកួតប្រជែង បទប្បញ្ញត្តិស្តីពីការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលក្នុងសកម្មភាពអនុវត្តច្បាប់។

* ជំពូកទី១៤ សហគ្រាសធុនតូច និងមធ្យម៖ បានជំរុញឱ្យមានការអនុវត្តកម្មវិធីសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចនានា សម្តៅបង្កើនសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការប្រើប្រាស់ និងទាញប្រយោជន៍ពីកាលានុវត្តភាពពីកិច្ចព្រមព្រៀងអាសិប ជាពិសេសការធ្វើសមាហរណកម្ម ចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ជាដើម។

* ជំពូកទី១៥ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស៖ បានផ្តោតជាចម្បងលើការបង្រួបបង្រួមគម្លាតអភិវឌ្ឍន៍តាមរយៈកម្មវិធីជំនួយបច្ចេកទេស និងកសាងសមត្ថភាពនានា ក្នុងការគាំទ្រដល់ការអនុវត្ត និងប្រើប្រាស់កិច្ចព្រមព្រៀងនេះ យ៉ាងមានប្រសិទ្ធភាព ដោយផ្តល់អាទិភាពដល់ប្រទេសអភិវឌ្ឍន៍តិចតួច។

* ជំពូកទី១៦ លទ្ធកម្មរដ្ឋាភិបាល៖ បានលើកកម្ពស់តម្លាភាពច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងអស់ក្នុងកិច្ចការលទ្ធកម្មរដ្ឋាភិបាល។

* ជំពូកទី១៧ បទប្បញ្ញត្តិទូទៅនិងការលើកលែង៖ បានកំណត់កាតព្វកិច្ចនានារបស់ភាគីទាំងអស់ ពាក់ព័ន្ធនឹងការបោះពុម្ពផ្សាយ ការផ្ដល់ព័ត៌មាន នីតិវិធីរដ្ឋបាលអនុវត្តលើច្បាប់ លិខិតបទដ្ឋានគតិយុត្ត នីតិវិធីនានាក៏ដូចជាការអនុវត្តសេចក្តីសម្រេចរដ្ឋបាល ការត្រួតពិនិត្យឡើងវិញ និងបណ្ដឹងឧទ្ធរណ៍ ការលាតត្រដាងព័ត៌មាន និងព័ត៌មានសម្ងាត់ ដោយភាគីកិច្ចព្រមព្រៀងអាសិបទាំងអស់អាចរក្សាសិទ្ធិគ្រប់គ្រងលើបញ្ហានានាពាក់ព័ន្ធនឹងប្រយោជន៍សាធារណៈ។

* ជំពូកទី១៨ បទប្បញ្ញត្តិស្ថាប័ន៖ បានបង្កើតឱ្យមានការរៀបចំផ្នែកស្ថាប័នសម្រាប់កិច្ចព្រមព្រៀងអាសិប និងរចនាសម្ព័ន្ធសម្រាប់រដ្ឋមន្ត្រីអាសិប គណៈកម្មាធិការចម្រុះអាសិប និងគណៈកម្មាធិការ/អនុគណៈកម្មាធិការផ្សេងៗទៀត។ គណៈកម្មាធិការចម្រុះអាសិប នឹងពិនិត្យនិងចង្អុលបង្ហាញណែនាំការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះ។

* ជំពូកទី១៩ ការដោះស្រាយវិវាទ៖ បានបង្កើតឱ្យមាននូវយន្តការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងតម្លាភាព សម្រាប់ការពិគ្រោះយោបល់ និងការដោះស្រាយវិវាទ ដែលកើតចេញពីការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះ។

* ជំពូកទី២០ អវសានប្បញ្ញត្តិ៖ បានកំណត់ពីការត្រួតពិនិត្យឡើងវិញទូទៅ និងនីតិវិធីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បញ្ញត្តិស្តីពីការចូលជាធរមាន ការដកខ្លួនចេញពីកិច្ចព្រមព្រៀង និងការចូលជាសមាជិកកិច្ចព្រមព្រៀងអាសិប៕