សហរដ្ឋអាមេរិក មានព័ត៌មានថ្មីថារុស្ស៉ី កំពុងព្យាយាមទិញអាវុធបន្ថែមពីកូរ៉េខាងជើង តាមឈ្មួញ កណ្តាល

 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា សេតវិមាន នៅព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា រុស្ស៊ីកំពុង ស្វែងរកអាវុធបន្ថែមពីកូរ៉េខាងជើងសម្រាប់ធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ដោយបង្ហាញអត្ត សញ្ញាណ បុរសជនជាតិស្លូវ៉ាគីម្នាក់ ដែលត្រូវបានចោទប្រកាន់ថាជាឈ្មួញកណ្តាលនៃកិច្ចព្រម ព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានឲ្យដឹងថា បុរសជន ជាតិស្លូវ៉ាគីរូបនោះឈ្មោះ អាសត មេខឺទីឆេវ (Ashot Mkrtychev) អាយុ ៥៦ឆ្នាំ មកពីរដ្ឋធានីប្រាទី ស្លាវ៉ា (Bratislava) កំពុងតែជួញដូរអាវុធ និងធ្វើការលើកិច្ចព្រមព្រៀងដោះដូររវាងរុស្ស៉ី និងកូរ៉េខាង ជើង នៅចន្លោះពីចុងឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៣នេះ។

លោក ខឺប៊ី បានគូសបញ្ជាក់ថា «យើងមានព័ត៌មានថ្មីថា រុស្ស៊ីកំពុងស្វែងរកយ៉ាងសកម្ម ដើម្បីទទួល បានគ្រាប់រំសេវ បន្ថែមទៀតពីកូរ៉េខាងជើង។ ដោយមានការគាំទ្រពីមន្ត្រីរុស្ស៊ី លោក មេខឺទីឆេវ បាន និងកំពុងព្យាយាមធ្វើជាឈ្មួញកណ្ដាល លើកិច្ចព្រមព្រៀងលក់អាវុធជាសម្ងាត់ រវាងរុស្ស៊ី និងកូរ៉េខាង ជើង»។ ដោយផ្អែកលើរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដែលបានដាក់លោក មេខឺទីឆេវ ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មរបស់ខ្លួននោះ លោក ខឺប៊ី បានបន្ថែមថា «ចំពោះកូរ៉េខាងជើង ការបញ្ជូន អាវុធ និងគ្រាប់រំសេវគឺមានច្រើនជាង១២លើក ទៅកាន់ប្រទេសរុស្ស៊ី។ ជាថ្នូរនឹងគ្នា ទីក្រុងព្យុងយ៉ាង ទទួលបានមកវិញនូវសាច់ប្រាក់ យន្តហោះ សម្ភារៈ និងវត្ថុធាតុដើមផ្សេងៗ»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៉ី នឹងក្លាយជាការបំពានជាក់ ស្តែងលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជារឿយៗ ទីក្រុងព្យុងយ៉ាង តែងបដិសេធការចោទប្រកាន់ទាំងនេះ៕