(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រទេសរុស្ស៊ីនៅថ្ងៃពុធ (១៩ មេសា) បានព្រមានកូរ៉េខាងត្បូងប្រឆាំងនឹងការ បញ្ជូនអាវុធទៅកាន់អ៊ុយក្រែន បន្ទាប់ពីទីក្រុងសេអ៊ូលបាន បង្ហើបពីលទ្ធភាពផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ក្នុងករណីមានការវាយប្រហារស៊ីវិលទ្រង់ទ្រាយធំ។
ទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ឱ្យអ៊ុយក្រែននូវជំនួយមនុស្សធម៌ និងមិនមែនសម្លាប់មនុស្ស ប៉ុន្តែរហូតមកដល់ពេលនេះបានច្រានចោលការផ្តល់ជំនួយផ្នែកយោធា។

ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Sok-yol បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធថា «ទីក្រុងសេអ៊ូលអាចនឹងផ្ដល់ជំនួយគាំទ្រសម្រាប់អ៊ុយក្រែន លើសពី ជំនួយមនុស្ស ធម៌ និងសេដ្ឋកិច្ច ប្រសិនបើមានការវាយប្រហារ ឬការសម្លាប់រង្គាលលើជនស៊ីវិលកើតឡើង»។
វិមានក្រឹមឡាំងបានឆ្លើយតបថា ការចាប់ផ្តើមការផ្គត់ផ្គង់អាវុធនឹងមានន័យថា ការចូលរួមដោយ ប្រយោលនៅក្នុងជម្លោះអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «គួរឱ្យសោក ស្តាយ! ទីក្រុងសេអ៊ូលមានអាកប្បកិរិយាមិនគួរឱ្យរាក់ទាក់»។ លោកបានបន្ថែមថា «ការចាប់ផ្តើមនៃការផ្គត់ផ្គង់សព្វាវុធនឹងមានន័យដោយប្រយោលនូវដំណាក់កាលជាក់លាក់នៃការចូលរួមក្នុងជម្លោះនេះ»។
ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ ក៏បានទាញការព្រមានពីអតីតមេដឹកនាំរុស្ស៊ីលោក Dmitry Medvedev ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ផងដែរ។
លោក Medvedev បាននិយាយថា ទីក្រុងមូស្គូអាចតបស្នង និងបញ្ជូនអាវុធទៅកាន់ប្រទេស កូរ៉េខាងជើង ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
លោកបានបន្ថែមថា «ខ្ញុំឆ្ងល់ថាតើប្រជាជននៃប្រទេសនេះនឹងនិយាយអ្វីនៅពេលពួកគេឃើញអាវុធរុស្ស៊ីចុងក្រោយបំផុត នៅជាមួយប្រទេសជិតខាងបំផុតរបស់ពួកគេ គឺប្រទេសដៃគូរបស់យើង កូរ៉េ ខាងជើង»៕































