មនុស្ស ១០នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ដក្រុង ដឹកភ្ញៀវមង្គលការ នៅអូស្ត្រាលី

 (ស៊ីដនី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣​ បញ្ជាក់ថា ប៉ូលិស នៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះបានឱ្យដឹងថាមនុស្សយ៉ាង ហោច ១០នាក់ បានស្លាប់ និង២៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពី រថយន្ដក្រុងមួយគ្រឿងដឹក ភ្ញៀវចូលរួមមង្គលការ បានក្រឡាប់ នៅត្រង់ចំណុចផ្លូវរង្វង់មូលមួយកន្លែង ក្នុងរដ្ឋ New South Wales (NSW)។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅម៉ោង ១១៖៣០នាទីយប់ កាលពីថ្ងៃអាទិត្យចុង សប្ដាហ៍កន្លងទៅ នៅក្បែរទីក្រុង Greta ក្នុងតំបន់ Hunter ស្ថិតនៅចម្ងាយ ១៨០គីឡូម៉ែត្រ ពីភាគ ពាយព្យនៃទីក្រុងស៊ីដនី។ តំបន់ Hunter ត្រូវបានគេស្គាល់ថាជាតំបន់ផលិតស្រា ទំពាំងបាយជូរ និងជាទីតាំងដ៏មាន ប្រជាប្រិយភាពមួយសម្រាប់ការរៀបចំពិធីមង្គលការ។

គួរបញ្ជាក់ថា បុរសជាអ្នកបើករថយន្ដក្រុងខាងលើ មានអាយុ ៥៨ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្ដោះ អាសន្ន ហើយរូបគេត្រូវបានរំពឹងថានឹងត្រូវចោទប្រកាន់ ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ។ អ្នកបើកបររូបនេះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាល ក៏ដូចជាធ្វើតេស្ដរកជាតិស្រវឹង និង សារធាតុញៀន៕