(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិ ខាងការងារ (ILO ) នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ដោយផ្តល់ឱកាសការងារ សរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត៣០ រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៣-១៤ ខែមិថុនា នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់។
កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូល ទីផ្សារការងារនៅក្នុងសិក្ខាសាលាទៀតផង។

កញ្ញា បន្ថែមថា តាមរយៈការចូលរួមកន្លងមកជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅក្នុងវេទិកា ឬពិព័រណ៍ការងារ ធនាគារ ABA ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយមាន សិស្ស និស្សិត និងយុវជនជាច្រើនបានចូលរួមក្នុងកម្មវីធី ក៏ដូចជាបានដាក់ពាក្យរកការងារ ទាំងការដាក់ ពាក្យផ្ទាល់ និងការដាក់តាមប្រព័ន្ធអនឡាញ។
ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែងក្នុងមុខតំណែងខុសៗជាច្រើន យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ក៏អាចទទួលបាននូវគន្លឹះអំពីការត្រៀមខ្លួនចូលទីផ្សារការងារ នៅក្នុងសិក្ខា សាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមានការចូលរួមពីសំណាក់វាគ្មិនជំនាញ ជាច្រើនរូបទៀតផង។
សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារដែលមានបំណងចូលរួមដើម្បីស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលជាក្តី ស្រមៃ។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈ ០១៧ ៤៦៧ ៤២៣/០១៧ ៨៧១ ៨០៧/០៩៦ ២១៥៥ ១៦២៕
































