ឯកឧត្តម អ៊ាង សុផល្លែត លើកឡើងថា ក្នុងនាមជាសមាជិកបក្សប្រជាជនកម្ពុជា មានតួនាទីសំខាន់៣ មកបម្រើប្រជាជនក្នុងស្រុកអូររាំងឪ

 (ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា  «ក្នុងនាមជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ យើងមានតួនាទីសំខាន់៣ មកបម្រើ ប្រជាជនស្រុកអូររាំងឪ»

ការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ មកពីភូមិចំនួន១០ នៃឃុំដំរិល ស្រុកអូររាំងឪ នៅថ្ងៃសៅទី ១០ ខែមិថុនា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីលោក ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លកបានបន្តថា តួនាទីសំខាន់របស់ថ្នាក់ដឹកនាំ និងក្រុមការងារស្រុកអូររាំងឪ គឺ៖

+តួនាទីសំខាន់ទី១៖អនុវត្តទៅតាមគោលនយោបាយជាអាទិភាពទាំងប្រាំរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ៖

*មនុស្ស៖ ការបណ្តុះបណ្តាល គាំទ្រ និងលើកទឹកចិត្តដល់ការកសាងធនធានមនុស្ស តាមរយៈ ការសាងសង់សាលា ការផ្តល់រង្វាន់ ការរៀបចំព្រឹត្តិការណ៌សង្ក្រាន្តទូទាំងស្រុក ក្នុងគោលបំណង បង្កភាពសប្បាយរីករាយ លើកកម្ពស់សោភ័ណភាព និងពង្រឹងសាមគ្គីភាព

*ផ្លូវ៖ យុទ្ធនាការផ្លូវរលោងជួសជុលផ្លូវជាង ៨០គីឡូម៉ែត្រនៅទូទាំងស្រុក

*ទឹក៖ ផ្តល់អណ្តូងទឹកស្អាតចំនួនប្រាំបីអណ្តូង និងបន្តផ្តល់៨អណ្តូងទៀត បំពាក់ម៉ាស៊ីនចម្រោះទឹកក្តៅត្រជាក់ក្នុងគោលបំណងលើកកម្ពស់សុខមាភាពសាធារណៈនៅក្នុងស្រុក

*ភ្លើង៖ បំពាក់អំពូលសូឡាជាង២០០០ និងគម្រោងដាក់តាមគ្រប់ផ្ទះបន្ថែមទៀត

*សុវត្ថិភាពសង្គម គឺរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមរយៈគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព ជាពិសេសគឺការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់រូបភាព

+តួនាទីសំខាន់ទី២ គឺការគោរព និងប្រកាន់ខ្ជាប់ការអនុវត្តគោលនយោបាយ គោលការណ៍ និង បទបញ្ជាររបស់គណបក្សយើង សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគុណធម៌

+តួនាទីសំខាន់ទី៣៖ គឺការងារចុះមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តាមរយៈការកសាងទំនុកចិត្ត ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនយើង និងបន្តកសាង សមាជិកបក្សថ្មី ដោយប្រកាន់ខ្ជាប់ «រក្សាចាស់ បង្កើតថ្មី»