ឥណ្ឌាស្នើឱ្យមីយ៉ាន់ម៉ាពន្លឿនការធ្វើពាណិជ្ជកម្មប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក

(ញូវដែលី)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ មន្ត្រីមួយរូបនៃស្ថាប័ននាំចេញឥណ្ឌាបានឱ្យដឹងកាល ពីថ្ងៃចន្ទថាប្រទេសឥណ្ឌាបានជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាពន្លឿនដំណើរការទូទាត់ពាណិជ្ជកម្មដោយប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសទាំងពីរ ជាយន្តការមួយដែលបានព្រមព្រៀងគ្នាកន្លងមក។

ក្រុមគណៈប្រតិភូនៃក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្ម (EEPC) របស់ឥណ្ឌាបានជួបរដ្ឋមន្ត្រី ពាណិជ្ជកម្មមីយ៉ាន់ម៉ាលោក យូអោង ណៃអូU.Aung Naign Oo ដែលកំពុងបំពេញទស្សនកិច្ចនៅទី ក្រុងកុលកាតា (Kolkata) ភាគខាងកើតប្រទេសឥណ្ឌា ហើយបានលើកឡើងពីបញ្ហានេះ។

លោក P.K. Shah អតីតប្រធានក្រុមប្រឹក្សា EEPC បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័របន្ទាប់ពីកិច្ច ប្រជុំថា៖ «រដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ាបានធានាថា យន្តការថ្មីនេះនឹងត្រូវបានដាក់ដំណើរការក្នុងពេល ឆាប់ៗនេះ»

ប្រទេសមីយ៉ាន់ម៉ាដែលកំពុងប្រឈមនឹងកង្វះខាតប្រាក់បម្រុងរូបិយប័ណ្ណបរទេសបានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងចាប់ផ្តើមទទួលយកប្រាក់រូពីឥណ្ឌាក្នុងពេលឆាប់ៗនេះ រួមជាមួយនឹងប្រាក់បាតថៃ និងប្រាក់យន់របស់ចិនធ្វើជារូបិយប័ណ្ណទូទាត់ផ្លូវការសម្រាប់ពាណិជ្ជកម្មដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។

ក្រុមប្រឹក្សា EEPC បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយដល់ការនាំចេញឱសថ និងទំនិញ ផលិកម្មពីប្រទេសឥណ្ឌា ព្រមទាំងការនាំចូលកាន់តែច្រើននូវទំនិញនានាដូចជា គ្រាប់ធញ្ញជាតិ ឈើ និងផលិតផលផ្សេងទៀតពីប្រទេសមីយ៉ាន់ម៉ា។

លោក Shah បានថ្លែងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងគួរឱ្យកត់សម្គាល់ពីកម្រិត បច្ចុប្បន្ន ១,៨ពាន់លានដុល្លារ នៅពេលដែលយន្តការពាណិជ្ជកម្មថ្មីដែលប្រើប្រាស់រូបិយប័ណ្ណ ក្នុងស្រុកដំណើរការ។ ធនាគារកណ្តាលឥណ្ឌា កន្លងមកបានអនុញ្ញាតឱ្យធនាគារជាតិប្រចាំរដ្ឋប៉ុន ចាប (Punjab) បើកគណនីប្រាក់រូពីពិសេស (SRVA) សម្រាប់ការទូទាត់ពាណិជ្ជកម្មបរទេស ជាមួយប្រទេសមីយ៉ាន់ម៉ា។

ក្រុមប្រឹក្សា EEPC បាននិយាយថា នៅក្រោមយន្តការនេះ ប្រទេសមីយ៉ាន់ម៉ានឹងទទួលយកការ ទូទាត់សម្រាប់ការនាំចេញទាំងអស់របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាប្រាក់រូពីឥណ្ឌា ហើយប្រាក់ ចំណូលពីការនាំចេញដូចគ្នានេះអាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មដែល នាំចូលពីប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕