ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមបំពេញទស្សនកិច្ចនៅប្រទេសបារាំងនិងវៀតណាម នាសប្តាហ៍ក្រោយ


(សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក យូន ស៊ុកយុល (Yoon Suk Yeol) គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងវៀត ណាមនាសប្តាហ៍ក្រោយនេះ ហើយនឹងជួបមេដឹកនាំនៃប្រទេសទាំងពីរ។

លោក គីម តេយ៉ូ (Kim Tae-hyo) អនុប្រធានទីប្រឹក្សាសន្តិសុខជាតិ បាននិយាយថា លោក យូន នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អំឡុងពេលដំណើរទស្សនកិច្ចក្នុងទីក្រុងប៉ារីស នៅចន្លោះថ្ងៃទី ២០ និងថ្ងៃទី ២១ ខែ មិថុនា។ លោក យូន ក៏នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯវៀតណាម នៅថ្ងៃទី ២២ ខែមិថុនា ផងដែរ តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ដោយមាន គណៈប្រតិភូធុរកិច្ចចំនួន ២០៥នាក់ អមដំណើររូបលោក៕