(រតនគិរី)៖ មានករណីកម្មករក្រុមហ៊ុនថាកូអាហ្គ្រី (ចម្ការចេក) មានទីតាំងភូមិ៣ឃុំស្រែអង្ក្រងស្រុកកូនមុំចំនួន៦នាក់ធ្លាក់ខ្លួនឈឺ ដឹកមកសង្គ្រោះស្លាប់ក្នុងមណ្ឌលសុខភាពស្រែអង្ក្រង ខណៈអ្នកខ្លះស្លាប់តាមផ្លូវពេលដឹកមកសង្គ្រោះ និងខ្លះទៀតស្លាប់ក្នុងមន្ទីពេទ្យបង្អែកខេត្តរតនគិរី។

ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី១៦-២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលអ្នកស្លាប់ទាំង៦នាក់មានឈ្មោះដូចខាងក្រោម៖
១-សុខ មេសា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាពស្រែអង្ក្រង។
២-ផល ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាពស្រែអង្ក្រង។
៣-ចាន់ ស៊ីនីត ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យខេត្តរតនគិរី។
៤-គា ណាត ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់តាមផ្លូវពេលបញ្ជូនចេញពីមណ្ឌលសុខភាពស្រែអង្ក្រង។
៥-ថុង ផល ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅមណ្ឌលសុខភាពស្រែអង្ក្រង។
៦-តា ថា ភេទប្រុស អាយុ៦០ឆ្នាំ ស្លាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្លាប់នៅក្នុងការដ្ឋានក្រុនហ៊ុនថាកូអាហ្គ្រី។

តាមការសាកសួរព័ត៌មានពីមន្រ្តីមណ្ឌលសុខភាពថា អ្នកជំងឺដែលមកទទួលសេវាទាំងនោះគឺមានសភាពធ្ងន់ធ្ងរដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយជួនកាលស្ទើរគ្មានសញ្ញាជីវិត។ តាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បានបណ្តាលអោយអ្នកជំងឺស្លាប់។
តាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលចំណីអាហារ ឬពុលសារធាតុគីមី។
យ៉ាងណាក៏ដោយ ករណីកម្មករចំនួន៦នាក់ធ្លាក់ខ្លួនឈឺធ្ងន់ក្នុងក្រុមហ៊ុនថាកូអាហ្គ្រីដឹកមកសង្គ្រោះស្លាប់បន្តបន្ទាប់ខាងលើនេះដែរ, នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញនិងសមត្ថកិច្ចស្រុកកូនមុំកំពុងបើកការស៊ើបអង្កេតថាមកពីមូលហេតុអ្វីពិតប្រាកដ។
ប្រភពព័ត៌មានដោយឡែកទៀតបង្ហើបឲ្យដឹងថា ខាងក្រុមហ៊ុនថាកូអាហ្គ្រី និងសមត្ថកិច្ចមូលដ្ឋានហាក់មានលាក់បាំងព័ត៌មាន ទើបមានការភ្ញាក់ផ្អើលដល់ថ្នាក់ដឹកនាំខេត្តរតនគិរីផងដែរ៕
































