វៀតណាមប្រឈមមុខនឹងបញ្ហា ក្នុងការសម្រេចបានទិសដៅកំណើនសេដ្ឋកិច្ច នៅឆ្នាំនេះ


 (ហាណូយ)៖  យោងតាមកាសែត VN Express របស់វៀតណាម បានអោយដឹងថា រដ្ឋមន្ត្រីក្រសួង ផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារថា វៀតណាមកំពុងប្រឈមនឹងឧបសគ្គខ្លាំង ក្នុងការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥% នៅឆ្នាំនេះ ដោយសារមូលដ្ឋាន កំណើនទាប នៅក្នុងឆមាសទីមួយ។

លោករដ្ឋមន្ត្រី Nguyen Chi Dung ត្រូវបានដកស្រង់សម្ដីដោយកាសែត VN Express ខណៈថ្លែង នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា ដើម្បីសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦% សម្រាប់រយៈពេលពេញមួយឆ្នាំ សេដ្ឋកិច្ចត្រូវការកំណើន ៨% នៅឆមាសទីពីរ ហើយដើម្បីសម្រេច បានអត្រាកំណើន ៦,៥% ត្រូវការជាចាំបាច់នូវកំណើន ៨,៩% ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ នៃឆ្នាំនេះ។

លោក Dung បានស្នើថា ស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយបញ្ហានានា ដែល ក្រុមហ៊ុនអាជីវកម្មកំពុងប្រឈម ដើម្បីជួយជំរុញការផលិត ការប្រើប្រាស់ និងការនាំចេញ។

លោកបានបន្ថែមថា អាជ្ញាធរចាំបាច់ត្រូវដោះស្រាយបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ ទីផ្សារភាគ ហ៊ុន និងមូលបត្របំណុល ដើម្បីធ្វើឱ្យពួកគេក្លាយជាបណ្តាញ ដែលអាចទុកចិត្តបានសម្រាប់ការ ប្រមូលមូលធន។ លោកបានបន្តថា របបការិយាធិបតេយ្យត្រូវតែកាត់បន្ថយ ហើយបរិយាកាសអាជី វកម្មត្រូវកែលម្អ។

ស្ថាប័នអន្តរជាតិជាច្រើន បានទម្លាក់ការព្យាករបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ច របស់វៀតណាមនៅ ឆ្នាំនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករបស់ខ្លួនពី ៥,៨% មកនៅត្រឹម ៤,៧% នៅក្នុងរបាយការណ៍កាលពីខែមុន។

ទោះជាយ៉ាងណា យោងតាមក្រសួងផែនការវៀតណាម សេដ្ឋកិច្ចវៀតណាមហាក់ដូចជាស្ទុះងើប ឡើងវិញនៅត្រីមាសទីពីរនេះ។ នេះបើយោងតាមកាសែត VN Express៕