(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ ២០២៣ គឺ យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថាខ្លួនបានកម្ទេចអង្គភាព យោធាមួយរបស់រុស្ស៉ី នៅក្នុងទីក្រុង ម៉ាគីអៀវកា (Makiivka) គ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី ក្នុងសមរភូមិដូណេត ខណៈក្រុមមន្ត្រីលើកបន្តុបដោយមូស្គូ អះអាងថាជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់បានរងរបួស ក្នុងការវាយប្រហាររបស់ទីក្រុងកៀវ។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដូច្នេះថា «ជាលទ្ធ ផលនៃការវាយប្រហារប្រកបដោយប្រសិទ្ធភាពរបស់កងកម្លាំង ការពារជាតិ (អ៊ុយក្រែន) អង្គភាព របស់ពួកភេរវកររុស្ស៉ីមួយផ្សេងទៀតនៅក្នុងទីក្រុង Makiivka ត្រូវបានកម្ទេច»។ យោធាអ៊ុយក្រែនក៏បានបញ្ចេញវីដេអូបង្ហាញពី ការផ្ទុះដ៏សម្បើមមួយផងដែរ តែមិនបានបញ្ជាក់អ្វី លម្អិតនោះទេ។
គួរបញ្ជាក់ថា កាលពីខែមករា ដើមឆ្នាំ២០២៣ រុស្ស៉ីបានអះអាងថាទាហានរបស់ខ្លួន ៨៩នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែន លើ មូលដ្ឋានទ័ពបណ្ដោះអាសន្នមួយ ក្នុងទីក្រុង Makiivka៕































