ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកលកូរ៉េ ចូលជួប សម្តែងការគួរសម


 (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ លោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះ ជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នៅវិមាន ព្រឹទ្ធសភា។

ថ្លែងក្នុងឱកាសនេះ សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ចំពោះលោកប្រធានមូលនិធិ និងគណៈ ប្រតិភូ ដែលបានអញ្ជើញបំពេញបេសកកម្មមនុស្សធម៌ ជាលើកទី២ នៅកម្ពុជា។ សម្តេចបានបន្តថា បេសកកម្មការងារមនុស្សធម៌ នាឱកាសនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ព្រមទាំងនាំ មកនូវការពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំង ពីរឱ្យកាន់តែល្អជាងមុនទៀត ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេល បច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងពង្រីកជាប្រចាំ លើវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈវប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជន និង ប្រជាជន ព្រមទាំងមានចំណងមេត្រីភាពរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ។

ក្នុងនាមគណៈប្រតិភូ លោក Kim Jung Nam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូរបស់លោក។ លោកបានជម្រាបជូនសម្តេចថា តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងមូលនិធិចែករំលែកសង្រ្គោះជីវិត សកលនៃសាធារណរដ្ឋកូរ៉េ កាលពីខែកញ្ញា ឆ្នាំ២០២២ ជាជំនួយរបស់មូនិធិ ដែលមានទឹកប្រាក់ចំនួន ៥,៦លានដុល្លារ សហរដ្ឋអាមេរិក ត្រូវបានអនុវត្ត ជា៥លើក ដើម្បីជួយជាសម្ភារបរិក្ខារចាំបាច់ផ្សេងៗដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ហើយ សង្ឃឹមថា នឹងអនុវត្តអនុស្សារណៈយោគយល់គ្នា សម្រេចបានក្នុងទឹកប្រាក់ចំនួន ១០លានដុល្លារ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

ដោយមើលឃើញអំពីលទ្ធផលអនុស្សារណៈយោគយល់គ្នានេះ ដែលអាចអនុវត្តសម្រេចបានលឿន ដូចនេះការចុះអនុស្សារណៈយោគយល់គ្នារវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងមូលនិធិចែករំលែក សង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នាពេលបន្ទាប់ នឹងកំណត់រយៈពេល៣ឆ្នាំវិញ ដោយផ្តោត សំខាន់លើផ្នែកសុខាភិបាល វិស័យអប់រំ និងសង្គមកិច្ច។ មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នឹងនៅតែបន្តបេសកកម្មមនុស្សធម៌នេះ ដើម្បីជួយដល់ប្រទេសកម្ពុជា និងប្រជា ជនកម្ពុជាបន្តទៀត។

ជាមួយគ្នានេះលោកប្រធានមូលនិធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលដល់ ការបំពេញការងាររបស់មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនាពេលកន្លងមកជាពិសេសការបំពេញទស្សនកិច្ចនាពេលនេះ ឱ្យបានប្រព្រឹត្តទៅដោយរលួន និងបានយូរអង្វែងល្អប្រសើរ។ មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ នឹងបន្តការគាំទ្រប្រទេសកម្ពុជាបន្ថែម ទៀតតាមរយៈការបន្តចុះ និងអនុវត្តអនុស្សារណៈយោគយល់គ្នា ដើម្បីប្រជាជន និងប្រទសកម្ពុជា។

លើសពីនេះ សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនលោកប្រធានមូលនិធិថា ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បាននាំយកជំនួយទាំងនោះទៅចែកជូនប្រជាជន មន្ទីរពេទ្យ និងអាជ្ញាធរមូល-ដ្ឋាននៅខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្តាល បាត់ដំបង ពោធិ៍ សាត់ បន្ទាយមានជ័យ និងខេត្តព្រះសីហនុ។ កាយវិការដ៏សប្បុរសរបស់ មូលនិធិចែករំលែក សង្គ្រោះជីវិតសកល ពិតជាបានរួមចំណែកជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា។

បន្ថែមពីនេះទៀត សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជក់ឡើងវិញនូវការបន្តគាំទ្ររាល់បេសកកម្ម ការងារមនុស្សធម៌របស់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងសូមលើក ទឹកចិត្តដល់គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បន្តសហការ ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ឆ្នាំ២០២២ ឱ្យបានល្អប្រសើរ និងពិនិត្យលទ្ធភាព ជួយសាងសង់មន្ទីរពេទ្យ មណ្ឌលសុខភាព និងសាលារៀន តាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជាណា ចក្រកម្ពុជា។

ជាថ្មីម្ដងទៀត សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា កម្ពុជា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អដោយផ្លែផ្កា និង ក្របកដោយប្រសិទ្ធភាព ជានិច្ច។ សម្តេចប្រធានព្រឹទ្ធសភា សូមប្រសិទ្ធពរជូនលោកប្រធានមូលនិធិ និងគណៈប្រតិភូ មានសុខភាពល្អបរិបូរណ៍ ទទួលបាននូវការរីករាយក្នុងការស្នាក់នៅ និងបំពេញ បេសកកម្មមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា៕