៦ខែឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ៣៣១លានដុល្លារ ពីការនាំចេញកង់


 (ភ្នំពេញ)៖ រយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបាន ចំណូលជាង ៣៣១លានដុល្លារ ពីការនាំចេញកង់ ថយចុះ ៣០.៥២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង៤៧៧លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងប្រាប់ នៅថ្ងៃទី១៣ ខែកក្កដានេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញ ពីជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក។

ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា ក្រសួងក៏រំពឹងដែរថា នាថ្ងៃខាងមុខ នៅពេលការ នាំចេញកង់មានការកើនឡើង អាចជំរុញឲ្យអ្នកវិនិយោគចាប់អារម្មណ៍ លើការបង្កើតរោងចក្រផលិត គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដែលនឹងកាត់បន្ថយការនាំចូលបានខ្លះ ដែរ។

គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖

* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់៕