(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញ ចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាមួយឥណ្ឌា។ កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ អាស៊ាន និងឥណ្ឌា ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងនាពេលអនាគត។

នៅថ្ងៃដដែលនេះ ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ជាមួយអូស្ត្រាលី។ កិច្ចប្រជុំបានពិនិត្យឡើងវិញ និងស្វាគមន៍ការវិវត្តន៍ដោយវិជ្ជមាន ក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ព្រមទាំងបានពិភាក្សារកវិធីដើម្បីជំរុញភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំក៏បានស្វាគមន៍ខួបទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អូស្ត្រាលី នៅឆ្នាំ២០២៤ និងទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅឆ្នាំក្រោយ។
បន្ទាប់មក ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយចិន។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងបានពិភាក្សាអំពីទិសដៅអនាគត ជាពិសេសដើម្បីពង្រឹងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន តាមរយៈការអនុវត្តផែនការសកម្មភាព និង ឧបសម្ព័ន្ធ។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម។

នៅថ្ងៃដដែលនេះ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយជប៉ុន។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន និងការ ត្រៀមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅចុងឆ្នាំនេះ ក្នុងប្រទេសជប៉ុន។
ដោយឡែកនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។

នៅរសៀលថ្ងៃដដែល ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប។ កិច្ចប្រជុំបានអំពាវនាវឱ្យមានការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០២៣-២០២៧ និងបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ដែលជាប្រយោជន៍រួម ព្រមទាំងបានពិភាក្សាបញ្ហាតំបន់ និងអន្តរជាតិ។
បន្ទាប់មកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានបូកបី។ នៅក្នុងកិច្ចប្រជុំនោះ ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងសាធា រណរដ្ឋកូរ៉េ) បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដើម្បីពង្រឹង បន្ថែមនូវដំណើរការ របស់អាស៊ាន បូកបី ដែលដើរតួនាទីសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងក្នុងការដោះស្រាយបញ្ហាលេច ធ្លោនានា។ កិច្ចប្រជុំក៏បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងបានពិភាក្សាទិសដៅអនាគតរបស់កិច្ចសហប្រតិបត្តិការអាស៊ានបូកបីផងដែរ។

ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយ កាណាដា។ កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា និងទន្ទឹង រង់ចាំតម្លើងទំនាក់ទំនងអាស៊ាន-កាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅខែកញ្ញា ខាងមុខ ។
ដោយឡែកនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរទន្ទឹង រង់ចាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ដើម្បីចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅខែកញ្ញា។

តមកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Antony J. Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបាន ផ្លាស់ប្តូរទស្សនៈ រកវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងទន្ទឹងរង់ចាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១ នៅខែកញ្ញាខាងមុខ៕
































