កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ២គ្រាប់ ក្រោយនាវាមុជទឹកអាមេរិកទៅដល់កូរ៉េខាងត្បូង

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំ​នួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅមូលដ្ឋានទ័ពជើងទឹក ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។

បើតាមយោធាកូរ៉េខាងត្បូង នៅក្នុងការបាញ់សាកល្បងមីស៊ីលជាលើកទី៣ គិតចាប់តាំងពីសប្ដាហ៍មុនមក កូរ៉េខាងជើងបានបាញ់មីស៊ីល ២គ្រាប់ជាប់ៗគ្នា កាលពីយប់ ថ្ងៃចន្ទសប្ដាហ៍នេះ ប្រហែលជានៅម៉ោង ១១៖៥៥នាទីយប់ ចេញពីតំបន់មួយស្ថិតនៅក្បែរដ្ឋធានីព្យុងយ៉ាង។ មីស៊ីលទាំង ២គ្រាប់នេះបានហោះក្នុងចម្ងាយ ៤០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។ យោធាកូរ៉េខាងត្បូងបានចាត់ទុកថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង គឺជាទង្វើបង្កហេតុធ្ងន់ធ្ងរ ដែល គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល។

ជុំវិញការធ្វើតេស្ដមីស៊ីលដោយកូរ៉េខាងជើងនេះដែរ ខាងក្រសួងការពារជាតិជប៉ុន ក៏បានរាយការណ៍ដែរពីការធ្វើតេស្ដអាវុធដែលខ្លួនហៅថាជាការបាញ់សាកល្បងមីស៊ីល បាលិស្ទីគពីសំណាក់ទីក្រុងព្យុងយ៉ាង ដោយមីស៊ីលទាំងនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន៕