(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាខ្លួនមិនគាំទ្រឱ្យអ៊ុយក្រែន បើកការវាយប្រហារនៅក្នុងទឹកដីរុស្ស៉ីនោះទេ បន្ទាប់ពីការវាយប្រហារដោយយន្ដហោះដ្រូន២គ្រឿង បង្ក ការខូចខាតដល់អគារមួយចំនួន ក្នុងទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «ដូចដែលយើងធ្លាប់បានបញ្ជាក់កន្លងមក យើងមិនគាំទ្រចំពោះការវាយប្រហារណាមួយក្នុងទឹកដីរុស្ស៉ីនោះទេ»។ លោកស្រីបន្ថែមថា «នេះជាសង្រ្គាមដែលរុស្ស៉ីខ្លួនឯងជាអ្នកចាប់ផ្ដើម។ នេះជាសង្រ្គាមរបស់ពួកគេ ហើយពួកគេអាចបញ្ចប់វាបានគ្រប់ពេល តាមរយៈការដកកងទ័ពចេញពីអ៊ុយក្រែន ជំនួសឱ្យ ការវាយប្រហារយ៉ាងឃោរឃៅលើជនស៊ីវិល»៕































