ប៉ូលីសឥណ្ឌា ចាប់ខ្លួនជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ៧៤នាក់នៅខេត្តភាគខាងជើងប្រទេស

(ញូវដេលី)៖ ប៉ូលីសឥណ្ឌាបាននិយាយថា នៅថ្ងៃចន្ទសប្តាហ៍នេះ ពួកគេបានចាប់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៧៤ នាក់ ពីបទរស់នៅ «ខុសច្បាប់» នៅក្នុងរដ្ឋភាគខាងជើង Uttar Pradesh ដែលជាចលនាមួយដែលត្រូវបានថ្កោលទោសថា ជាការបង្រ្កាបដោយបំពានលើប្រជាជនដែលភៀសខ្លួនចេញពីអំពើហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ប៉ូលីសបាននិយាយថា សមាជិកនៃសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ាត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងចំនួនប្រាំមួយ ក្នុងរដ្ឋ Uttar Pradesh ហើយជនភៀសខ្លួន ១០នាក់ជាអនីតិជន។

ក្រុមគំនិតផ្តួចផ្តើមសិទ្ធិមនុស្សរ៉ូហ៊ីងយ៉ា បាននិយាយថា មនុស្សដែលត្រូវបានឃុំឃាំងខាងលើ បានរស់នៅក្នុងតំបន់នេះប្រហែល ១០ឆ្នាំហើយ បន្ទាប់ពីបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Sabber Kyaw Min ដែលជាប្រធានក្រុមនេះបាននិយាយថា ពួកគេទាំងនោះរស់នៅយ៉ាងវេទនា តោកយ៉ាកបំផុត ដោយអ្នកខ្លះនៅតាមគំនរសម្រាមទៀតផង។ លោកបានបន្ថែមថា «ពួកគេគ្រាន់តែទាមទារកន្លែងជ្រកកោនប៉ុណ្ណោះ។ សហគមន៍កំពុងស្នើសុំ … បញ្ចប់ការឃុំឃាំង»៕