ជំនួយយោធាអាមេរិក សម្រាប់អ៊ុយក្រែន មានបញ្ចូលជាលើកដំបូងនូវ យន្ដហោះដ្រូនស៊ើបការណ៍ Black Hornet

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផ្ដលជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្ដហោះដ្រូនខ្នាតតូច ខណៈកងកម្លាំងអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបក ដើម្បី បណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។

កញ្ចប់ជំនួយយោធាថ្មីខាងលើដែលត្រូវបានរាយការណ៍មុនគេដោយទីភ្នាក់ងារសារព័ត៌មាន Reuters នឹងមានរួមបញ្ចូលជាលើកដំបូងនូវយន្ដហោះដ្រូន ស៊ើបការណ៍ Black Hornet ផលិតដោយក្រុមហ៊ុន Teledyne FLIR Defense ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Teledyne Technologies។ យន្ដហោះដ្រូន Hornet បាន និងកំពុងត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្ដល់អំណោយពីចក្រភពអង់គ្លេស និងន័រវែស។

ក្រុមហ៊ុន Teledyne FLIR Defense ទទួលបានកិច្ចសន្យាមានទំហំទឹកប្រាក់ ៩៣លានដុល្លារកាលពីខែមេសាកន្លងទៅ ដើម្បីផ្គត់ផ្គង់យន្ដហោះដ្រូនស៊ើប ការណ៍ខ្នាតតូចឱ្យកងទ័ពអាមេរិក។