យន្ដហោះចម្បាំងរុស្ស៉ី បាញ់ផ្កាភ្លើងដាក់យន្ដហោះដ្រូនអាមេរិក លើដែនអាកាសនៃប្រទេសស៊ីរី

(វ៉ាស៊ីនតោន)៖ មេបញ្ជាការកងទ័ពអាមេរិកម្នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាយន្ដហោះចម្បាំងរុស្ស៉ីមួយគ្រឿងបានបាញ់ផ្កាភ្លើងដាក់លើ យន្ដហោះដ្រូនអាមេរិកមួយគ្រឿង ដែលកំពុងធ្វើបេសកកម្មប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងប្រទេសស៊ីរី ដោយបណ្ដាលឱ្យខូចខាតស្លាបចក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។

បើតាមឧត្តមសេនីយ៍ឯកកងទ័ពអាកាសអាមេរិក លោក Alexus Grynkewich កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ យន្ដហោះចម្បាំងរុស្ស៉ី បានហោះហើរប្រកបដោយគ្រោះថ្នាក់ មកក្បែរយន្ដហោះដ្រូនអាមេរិក MQ-9 ដែលកំពុងធ្វើបេសកកម្មប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS និងបានបាញ់ ផ្កាភ្លើងលើ MQ-9 ដោយបណ្ដាលឱ្យខូចខាតផ្នែកស្លាបចក្រ។ លោក Grynkewich បានបន្ថែមថាយន្ដហោះដ្រូន MQ-9 មិនបានធ្លាក់នោះទេ ហើយអាច ហោះត្រឡប់ទៅមូលដ្ឋានទ័ពរបស់ខ្លួនវិញ ជាមួយការអំពាវនាវផងដែរឱ្យកងកម្លាំងរុស្ស៉ីក្នុងប្រទេសស៊ីរី បញ្ឈប់ជាបន្ទាន់នូវសកម្មភាពគ្មានវិជ្ជាជីវៈ បែបនេះ៕