អាមេរិកសម្រេចបង្គាប់ឱ្យជម្លៀសបុគ្គលិកស្ថានទូតមួយចំនួន ព្រមទាំងសមាជិកគ្រួសារពួកគេ ចេញពីប្រទេសនីហ្សេ


 (វ៉ាស៉ីនតោន)៖ ​យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍ នេះថា សហរដ្ឋ អាមេរិកបានសម្រេចបង្គាប់ឱ្យជម្លៀសខ្លួន​បុគ្គលិកមួយចំនួនព្រមទាំងសមាជិក គ្រួសាររបស់ពួកគេ ចេញពីស្ថានទូតនៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារយោធាបានកើតឡើង នៅទីនោះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ លោក ម៉ាត់ស៊ូ មីលឡឺ (Matthew Miller) បាននិយាយក្នុង សេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយសារស្ថានការណ៍វិវឌ្ឍន៍បច្ចុប្បន្ននៅប្រទេសនីហ្សេ និងដើម្បី ជាវិធានការបង្ការ ក្រសួងការបរទេសបានបង្គាប់ឱ្យមានការជម្លៀសខ្លួន ជាបណ្តោះអាសន្នសម្រាប់ បុគ្គលិកមិនសូវចាំបាច់ និងសមាជិកគ្រួសាររបស់ពួកគេ ចេញពីស្ថានទូតអាមេរិក នៅក្នុងទីក្រុង នីញ៉ាម៉េ»។ បើ​តាមលោក មីឡឺ ទោះជាបែបនេះក្តី ស្ថានទូតអាមេរិកនឹងនៅបើកដំណើរការដដែល ហើយក្រុមមន្រ្តីថ្នាក់ដឹកនាំស្ថានទូត នឹងបន្តធ្វើការនៅ​ទីនោះដដែល។ ទន្ទឹមគ្នា អាមេរិកក៏កំពុង ណែនាំប្រជាជនខ្លួន កុំឱ្យធ្វើដំណើរទៅប្រទេសនីហ្សេ ថែមទៀតផង៕