សិង្ហបុរីប្រហារជីវិតអ្នកទោសទី៥ ក្នុងឆ្នាំ២០២៣នេះ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

 (សិង្ហបុរី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ គឺ ​អាជ្ញាធរសិង្ហបុរីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បុរសអាយុ៣៩ឆ្នាំម្នាក់ ដែល មានទោសពីបទជួញគ្រឿងញៀនហេរ៉ូអ៉ីន (heroin) ទើបតែត្រូវបានប្រហារជីវិត ខណៈអ្នកទោស រូបនេះ គឺជាជនទី៥ហើយ ដែលត្រូវបានព្យួរកនៅប្រទេសសិង្ហបុរីក្នុងឆ្នាំនេះ និងជាជនទី៣ គិតក្នុង រយៈពេលត្រឹមតែជាង ១សប្តាហ៍ប៉ុណ្ណោះ។

លោក ម៉ូហាំម៉ាត់ សាលឡេះ អាប់ឌុល ឡាទីហ្វ (Mohamed Shalleh Adul Latiff) ត្រូវបានផ្តន្ទា ទោសប្រហារជីវិត សម្រាប់ការ​កាន់កាប់គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន ទម្ងន់ប្រហែល៥៥ក្រាម ក្រោមគោលដៅទុកជួញដូរកាលពីឆ្នាំ២០១៩។ ការិយាល័យប្រយុទ្ធប្រឆាំង​បទល្មើសគ្រឿងញៀន សិង្ហបុរី CNB បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទោសប្រហារជីវិតរបស់លោក ត្រូវបានអនុវត្ត នៅថ្ងៃព្រហស្បតិ៍នេះ។

លោក សាលឡេះ អាប់ឌុល ឡាទីហ្វ បានក្លាយជាអ្នកទោសទី១៦ហើយ ដែលត្រូវបានប្រហារជីវិត គិតចាប់តាំងតែពីរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមអនុវត្ត ការប្រហារជីវិតឡើងវិញ កាលពីខែមីនា ឆ្នាំ២០២២ ក្រោយផ្អាករយៈពេល២ឆ្នាំ អំលុងការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីសប្តាហ៍មុន សិង្ហបុរីក៏ទើបតែបានប្រហារជីវិតអ្នកទោស ២នាក់ ម្នាក់ជាបុរសនិងម្នាក់ជាស្រ្តី ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន ផងដែរ៕