រុស្ស៉ី ដាក់បញ្ចូលន័រវែសទៅក្នុង «បញ្ជីក្រុមប្រទេសអមិត្ត»


 (មូស្គូ)៖  យោងតាមការចេញផ្សាយ ​ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៉ីបានបន្ថែមឈ្មោះប្រទេសន័រវែសទៅក្នុងបញ្ជីឈ្មោះនៃ «ក្រុមប្រទេសអមិត្ត» ដែលមានគោល ជំហរប្រឆាំងនឹងបេសកកម្មការទូតនៃប្រទេសរុស្ស៉ី។

ប្រទសដែលមាននៅក្នុងបញ្ជីឈ្មោះនោះ ត្រូវបានកំណត់ចំនួនបុគ្គលិកក្នុងស្រុក ដែលពួកគេអាច ជួលឱ្យធ្វើការនៅក្នុងប្រទេសរុស្ស៉ី ដោយន័រវែសត្រូវបានដាក់កំហិតត្រឹមចំនួន ២៧នាក់ប៉ុណ្ណោះ។ លោកស្រី អាន់នីខេន ហ៊ូតហ្វេត (Anniken Huitfeldt) រដ្ឋមន្រ្តីការបរទេសន័រវែស បានគូស បញ្ជាក់ថា «ស្ថានភាពសព្វថ្ងៃនេះ គឺជាលទ្ធផលនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ រុស្ស៉ីខ្លួនឯងអាចសម្រចចិត្តបញ្ចប់សង្រ្គាម»។ លោកស្រី ហ៊ូតហ្វេត បានបន្ថែមថា «ក្នុងនាមជា ប្រទេសជិតខាង យើងសុទ្ធតែមានចំណាប់អារម្មណ៍ក្នុងដំណើរការទំនាក់ទំនងការទូត និងភ្ជាប់ បណ្តាញទាក់ទង ក្នុងគ្រាលំបាក»