(កូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យឯកទេសបេះដូងដើម្បី «តាមដានសុខភាព» ប្រភពមួយបានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ (៣ សីហា) ឆ្នាំ២០២៣។
អតីតមេដឹកនាំវ័យ ៩៨ឆ្នាំរូបនេះ គឺជាឥស្សរជននយោបាយលេចធ្លោបំផុតរបស់ម៉ាឡេស៊ី ដោយបាន កាន់តំណែងជានាយករដ្ឋមន្ត្រីពីរដងក្នុងរយៈពេល ២៤ឆ្នាំ។ ប្រភពស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោកត្រូវបានគេនាំទៅវិទ្យាស្ថានជាតិបេះដូងនៅទីក្រុង កូឡាឡាំពួរកាលពីថ្ងៃអង្គារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ប្រភពដដែលនេះបាននិយាយទៀតថា «លោកមិនអីទេ ហើយស្ថិតនៅក្រោមការសង្កេតតាមដាន»។
មន្ត្រីម្នាក់ទៀតដែលស្និទ្ធនឹង លោក Mahathir ដែរនោះបាននិយាយថា អតីតមេដឹកនាំ «មិនមាន គ្រោះថ្នាក់ទេ។ លោកកំពុងត្រូវបានព្យាបាលជំងឺឆ្លង»។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ អតីតនាយករដ្ឋមន្ត្រីរូបនេះបានទទួលរងនូវបញ្ហាបេះដូងជាច្រើន លើក ដោយបានគាំងបេះដូងជាច្រើនដង និងបានទទួលការវះកាត់ផងដែរ៕
































