ប្រធានាធិបតីអ៉ីរ៉ង់៖ ពលរដ្ឋអាមេរិក ៥នាក់ដែលកំពុងជាប់ឃុំនៅអ៉ីរ៉ង់ មានសុខភាពល្អធម្មតា

(តេហេរ៉ង់)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ពលរដ្ឋអាមេរិក ៥នាក់ដែលកំពុងជាប់ឃុំក្នុង ប្រទេសអ៉ីរ៉ង់ គឺមានសុខភាពល្អធម្មតាខណៈគេរំពឹងថាអាចនឹងមានការដោះដូរជាមួយពលរដ្ឋអ៉ីរ៉ង់៥នាក់ដែលកំពុងជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក នាដើម សប្តាហ៍ក្រោយ។

ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោស ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១០ ខែ សីហា សហរដ្ឋអាមេរិកបានយល់ព្រមលើការផ្ទេរមូលនិធិចំនួន ៦ពាន់លានដុល្លាររបស់អ៉ីរ៉ង់ ចេញពី កូរ៉េខាងត្បូងទៅកាន់គណនីក្នុងប្រទេសកាតាជាកន្លែងដែលពួកគេអាចចំណាយបានតែលើទំនិញមនុស្សធម៌ប៉ុណ្ណោះ ហើយ អាមេរិកនឹងត្រួតពិនិត្យលើរបៀប និងពេលវេលានៃការចាយវាយមូល​និធិទាំងនោះ។ ក្នុងសម្ភាសន៍ជាមួយទូរទស្សន៍ NBC ដែលថតនៅទីក្រុងតេហរ៉ង់ លោក រ៉ៃស៉ី បានគូសបញ្ជាក់ថា «យោងទៅតាមព័ត៌មានចុងក្រោយរបស់យើង ពលរដ្ឋអាមេរិកទាំង ៥នាក់នោះ គឺមានសុខភាពល្អណាស់»