(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters គឺ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថាយន្ដហោះចម្បាំងចិន ២៨គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្ដសញ្ញាណការ ពារដែនអាកាស របស់ខ្លួន នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញានេះ។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅម៉ោងប្រហែល ៦ព្រឹក យន្ដហោះចម្បាំងចិនក្នុងនោះរួមមាន យន្ដហោះចម្បាំង J-10 បានហោះចូលក្នុងតំបន់ កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ស្ថិតនៅភាគនិរតីនៃកោះតៃវ៉ាន់។ យន្ដហោះចម្បាំងចិនមួយចំនួន ក៏បានហោះឆ្លងកាត់ច្រកសមុទ្រ Bashi ដើម្បីដឹកនាំការធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្ដហោះចម្បាំងចិនសានទុង (Shandong) នៅក្នុងតំបន់ប៉ាស៊ីហ្វិកដែរ។ ក្រសួងបន្ថែមទៀតថា កងកម្លាំងតៃវ៉ាន់កំពុងតាមឃ្លាំមើលស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះមានការបញ្ជូនយន្ដហោះចម្បាំងរបស់ខ្លួន និងដំណើរការប្រព័ន្ធ ការពារ ដែនអាកាស ដើម្បីតាមដានសកម្មភាពយន្ដហោះចម្បាំង និងនាវាចម្បាំងរបស់ចិន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៍ ដែរពីវត្តមានក្បួននាវាចម្បាំងចិនដឹកនាំដោយ នាវាផ្ទុកយន្ដហោះចម្បាំងចិនសានទុង នៅក្នុងតំបន់ ប៉ាស៊ីហ្វិកភាគខាងលិច៕
































