តួកគីបានឃាត់ខ្លួនមនុស្សរាប់សិបនាក់ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅ ក្បែរក្រសួងមហាផ្ទៃ


(អង់ការ៉ា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា ប៉ូលីសបានចាប់ខ្លួនមនុស្សយ៉ាងតិច ៦៧ នាក់នៅទូទាំងប្រទេសតួកគី នៅថ្ងៃអង្គារនេះ ក្នុងការវាយឆ្មក់មួយសំដៅទៅលើមនុស្សដែលមានទំនាក់ទំនងនឹង ពួកសកម្ម ប្រយុទ្ធឃឺដ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារអត្តឃាតនៅក្នុងរដ្ឋធានីតួកគី។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា ប៉ូលីសបានធ្វើការវាយឆ្មក់នៅក្នុងខេត្តចំនួន ១៦ របស់ប្រទេសតួកគី ហើយបានចាប់ខ្លួនមនុស្សចំនួន ៥៥នាក់ដែលសង្ស័យថាជាផ្នែករបស់ក្រុម ស៊ើបការណ៍ នៃគណបក្សពលករឃឺដ (PKK)។ លោក Yerlikaya បានសរសេរនៅលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមដូច្នេះថា​ យ៉ាងហោចណាស់មនុស្ស ១២ នាក់ផ្សេងទៀតដែលសង្ស័យថា ជាសមាជិក PKK ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ នៅក្នុងខេត្តចំនួន ៥។

គណបក្សពលករឃឺដ (PKK) បាននិងកំពុងដឹកនាំការបះបោរ អស់រយៈពេលជាច្រើនទសវត្សរ៍ មកហើយនៅក្នុងប្រទេសតួកគី ហើយត្រូវបានចាត់ទុកថាជាអង្គការភេរវកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ មនុស្សរាប់ម៉ឺននាក់បានស្លាប់ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅឆ្នាំ​ ១៩៨៤៕