អ៊ុយក្រែន ត្រូវការនាំចេញ ៧៥ ភាគរយនៃការប្រមូលផលរបស់ខ្លួននៅឆ្នាំ២០២៣នេះ


(កៀវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទីអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmyhal បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកត្រូវការនាំចេញ ៧៥ ភាគរយ នៃដំណាំកសិកម្មរបស់ខ្លួន ពីការប្រមូលផលនៅឆ្នាំនេះ។ លោក Shmyhal ត្រូវបានដក ស្រង់សម្តីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដូច្នេះថា «ប្រហែល ២៥ភាគរយ នៃគ្រាប់ធញ្ញជាតិដែលប្រមូល បាន គឺគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុករបស់យើង ហើយយើងត្រូវការនាំចេញដែលនៅសល់»

លោកបានបន្ថែមថា អ៊ុយក្រែនកំពុងពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន តាមរយៈបណ្តា ប្រទេសសហភាពអឺរ៉ុប និងកំពង់ផែទន្លេ Danube ក៏ដូចជាតាមរយៈ «ច្រករបៀងគ្រាប់ធញ្ញជាតិថ្មី»

គួរបញ្ជាក់ថា យោង​តាម​អាជ្ញាធរ កសិករ​អ៊ុយក្រែន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ប្រេង​បាន​ជាង ៧៩ លាន​តោន​នៅ​ឆ្នាំ ២០២៣ ពោល​គឺ​កើន​ឡើង ១០ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន៕