(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបង្ហាញការជំទាស់ទៅនឹងការគ្រប់គ្រងរយៈពេលវែងសាជាថ្មី របស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសថាអ៉ីស្រាអែលនឹងគ្រប់គ្រងសន្តិសុខ លើតំបន់ហ្កាហ្សា ទាំងមូល ក្រោយសង្រ្គាមបិទបញ្ចប់។

លោក Benjamin Netanyahu នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News កាលពី ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បាននិយាយថា អ៉ីស្រាអែលនឹងគ្រប់គ្រងសន្តិសុខលើតំបន់ ហ្កាហ្សាទាំងមូល ដោយមិនកំណត់ពេលវេលា នៅបន្ទាប់ពីសង្រ្គាមប្រឆាំងក្រុមហាម៉ាសបញ្ចប់ ខណៈសង្រ្គាម សព្វថ្ងៃឈានចូលខែទី២ ហើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ដូច្នេះថា «ជាទស្សនៈរបស់យើង ប្រជាជនប៉ាឡេស្ទីនគឺជាអ្នកសម្រេចចិត្ត លើបញ្ហា នេះ។ ហ្កាហ្សាជាទឹកដីរបស់ប៉ាឡេស្ទីន ហើយនឹងបន្តជាទឹកដីប៉ាឡេស្ទីន។ និយាយជាទូទៅ យើង មិនគាំទ្រការគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញនោះទេ ហើយក៏មិនគាំទ្រឱ្យអ៉ីស្រាអែលធ្វើដូច្នេះនោះ ដែរ»។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានដកកងទ័ពចេញពីតំបន់ហ្កាហ្សាដែលខ្លួនវាយកាន់កាប់បានក្នុង សង្រ្គាម៦ថ្ងៃ នៅអំឡុងឆ្នាំ១៩៦៧ កាលពីឆ្នាំ២០០៥ និងក្រោយមកទៀត បានបិទខ្ទប់លើតំបន់នេះ ក្រោយការឡើងកាន់អំណាចរបស់ក្រុមហាម៉ាស៕































