(ហ្កាហ្សា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា បានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅ ចំកណ្ដាល បេះដូងនៃទីក្រុងហ្កាហ្សា (Gaza City) នៅក្នុងសង្រ្គាមមួយដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្ដេជ្ញាកម្ទេចក្រុមហាម៉ាស និងគ្រប់គ្រងសន្តិសុខលើតំបន់ហ្កាហ្សាទាំងមូល ក្រោយ សង្រ្គាមបញ្ចប់។

សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស បានឈានចូលខែទី២ហើយ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធ ប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយ សម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ផ្សាយតាមទូរទស្សន៍ថាកងទ័ពអ៉ីស្រាអែល កំពុងធ្វើប្រតិបត្តិការដោយមានភាព រីកចម្រើនទៅមុខ ចំកណ្ដាលបេះដូងនៃទីក្រុងហ្កាហ្សា និងកំពុងបង្កការលំបាកដល់ក្រុមហាម៉ាស។
បើតាមលោក Gallant មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស ឈ្មោល Yahya Sinwar និងជា អ្នកនៅពីក្រោយការសម្រេចចិត្តបើកការវាយប្រហារលើ អ៉ីស្រាអែល កំពុងជាប់នៅក្នុងលេណដ្ឋាន និងត្រូវបានកាត់ផ្ដាច់ពីកងកម្លាំងរបស់ខ្លួន រីឯទីបញ្ជាការរបស់មេដឹកនាំហាម៉ាសរូបនេះក៏កំពុងទន់ ខ្សោយ ផងដែរ។ ប៉ុន្តែ ក្រុមហាម៉ាសមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ពាក់ព័ន្ធនឹងជោគវាសនា របស់លោក Sinwar៕
































