រដ្ឋមន្រ្តីសុខាភិបាល ដឹកនាំប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ


(ភ្នំពេញ)៖ នារសៀលទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាលអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធរំលឹក ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ – ២០២៣) និង អប អរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេណវិមានឯករាជ្យ។

នាឪកាសនោះ ឯកឧត្តម ក៏បានអញ្ជើញបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបតម្កល់ព្រះបរមរូប បរិវេណសួនច្បារ ខាងកើតវិមានឯករាជ្យ។

ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើង ដើម្បីរម្លឹក និងចងចាំជានិច្ចនូវឧបការគុណរបស់បុព្វបុរស ជាពិសេសយុទ្ធជនខ្មែរ ដែលបានពលីជីវិត ដើម្បីជាតិ និងប្រជាជន។

មួយវិញទៀត គឺដើម្បីរំលឹកអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រ របស់ ព្រះ ករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយ ពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារ ឯករាជ្យដ៏ពិតប្រាកដ ជូនប្រជាជាតិទាំងមូល ហើយប្រជារាស្ត្រទូទាំងប្រទេសបានថ្វាយ ព្រះកិត្តិនាម ព្រះអង្គជា ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ។

ព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុង បុព្វហេតុទាមទារឯករាជ្យ ការកសាងជាតិ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹក គឺពិត ជាស្ថិតនៅក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូប ដោយគ្មានថ្ងៃបំភ្លេចបានឡើយ៕