រដ្ឋមន្ត្រីកិច្ចការនារី៖ ក្នុងស្ថានភាពបែបណា ក៏កម្ពុជាមិនបោះបង់ឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស


(ភ្នំពេញ)៖ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់ទៅគណៈប្រតិភូស្ថានទូតអាមេរិកប្រចាំកម្ពុជាថា ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្តីក៏រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់ឆន្ទៈនយោបាយ និង ការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឡើយ។

លោកជំទាវ ថ្លែងបែបនេះ ពេលជួបពិភាក្សាការងារជាមួយ លោក ផាកទ្រីក មឺរហ្វី ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង មហាផ្ទៃ។

លោកជំទាវ អ៉ឹង កន្ថាផាវី បានថ្លែងថា កម្ពុជា នៅមិនទាន់អាចជម្នះបានទាំងស្រុងនៅឡើយទេលើ ឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលមាននៅក្នុងបណ្តាញសង្គមងងឹតយ៉ាងទូលំទូលាយ ដែលព្យាយាម ប្រើប្រាស់គ្រប់ឧបាយកល និងមធ្យោបាយបច្ចេកវិទ្យាទំនើបដ៏សម្បូរបែប ដែលបាន និងកំពុងពង្រីក ខ្លួននៅទូទាំងតំបន់ និងក្នុងពិភពលោក ហើយក៏មិនទាន់មានប្រទេសណាមួយ ដែលបានបោស សម្អាតឧក្រិដ្ឋកម្មនេះ បានជោគជ័យទាំងស្រុងនៅឡើយដែរ។

លោកជំទាវ អ៉ឹង កន្ថាផាវី បានបន្តថា ជនល្មើសបានប្រើល្បិចកលទាក់ទាញមនុស្សនៅគ្រប់ទីកន្លែង ដែលកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមជាសាកល បណ្តាលមកពីកូវីដ១៩ គ្រោះធម្មជាតិ និងសង្គ្រាម វិនាសកម្ម ដែលកាន់តែស្មុគ្រស្មាញទៅ ឲ្យចូលក្នុងអន្ទាក់នៃការឆបោកគ្រប់រូបភាព។ បញ្ហានេះបានជះឥទ្ធិពលដល់ បណ្តាប្រទេស តូចធំទាំងឡាយ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះ យ៉ាងធ្ងន់ធ្ងរផងដែរ។ បញ្ហាជួញដូរជាបញ្ហាដែលប្រទេសទាំងអស់ត្រូវរួមគ្នាទទួលខុសត្រូវដោះស្រាយ ទោះបីជាបទ ល្មើសមួយចំនួន ជាមធ្យោបាយថ្មី បង្កឡើងដោយឧក្រិដ្ឋជនក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបាន ខិតខំប្រឹងប្រែងរិះរកវិធានការ ដើម្បីបើកប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះ យ៉ាងសកម្ម ដោយបើកទូលាយឲ្យមានបណ្តាញរាយការណ៍ទាន់ហេតុការណ៍ និងបើកប្រតិបត្តិការ បានរហូតដល់ទៅជាង ១០៦៧ករណី ក្នុងរយៈពេលតែមួយឆ្នាំ ដើម្បីរុករក និងបំផ្លាញបណ្ដាញ ឧក្រិដ្ឋជន និងសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា បើទោះបីជាករណីទាំងនោះ មិនមែនជា ករណីជួញដូរមនុស្ស ឬមានការផ្ដល់ព័ត៌មានមិនពិតក៏ដោយ។

លោកជំទាវ បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងបានអំពាវនាវដល់បណ្តា ប្រទេសដែលមានជាប់ពាក់ ព័ន្ធ ទាំងជនល្មើស ទាំងជនរងគ្រោះ ឲ្យរួមសហការជាមួយកម្ពុជា ដើម្បីលុបបំបាត់អំពើជួញដូរ មនុស្ស និងដោះស្រាយបញ្ហារួមគ្នា ឲ្យបានល្អប្រសើរ ព្រោះនេះជាបញ្ហារួម មិនមែនជាបញ្ហាដោយ ឡែក តែកម្ពុជានោះទេ។ កន្លងមក រហូតដល់បច្ចុប្បន្ន ប្រជាជនកម្ពុជា ត្រូវបានទទួលរងនឹងការ កេងប្រវ័ញ្ច ក្នុងអំឡុងពេលនៃទេសន្តរប្រវេសន៍ ដូចជា ការងារដោយបង្ខំនិងកេងប្រវ័ញ្ចតាមទូក នេសាទ ការងារ តាមផ្ទះ ការកេងប្រវ័ញ្ចតាមរូបភាពអាពាហ៍ពិពាហ៍នៅក្រៅប្រទេស ជាដើម តែ កម្ពុជាបានខិតខំរួមសហការ ដើម្បីដោះស្រាយបញ្ហា បើទោះបីជាការដោះស្រាយនោះនៅមិនទាន់ បានលទ្ធ ផលល្អប្រសើរក៏ដោយ។

«ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្តីក៏រាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់ឆន្ទៈនយោបាយ និង ការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឡើយហើយថែមទាំងចាត់ទុកថា ការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយក្នុងចំណោម អាទិភាពទាំងឡាយ ក្នុងរបៀបវារៈនៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រី នៃព្រះរាជារដ្ឋាភិបាលកម្ពុជា»។​ នេះបើតាមលោកជំទាវ អ៉ឹង កន្ថាផាវី។

លោកជំទាវ បន្ថែមថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) គឺជា យន្តការជាតិ អន្តរក្រសួង-អន្តរស្ថាប័ន ដែលមានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការ ដឹកនាំ សម្របសម្រួល និងស្វែងរកការចូលរួមសហការ ការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់ តែមានប្រសិទ្ធភាព និងពង្រីកទំនាក់ទំនងសហការជាមួយតំបន់ និងពិភពលោក ក្នុងគោលបំណង ពិនិត្យតាមដានភាពប្រែប្រួលនៃបទល្មើសជួញដូរមនុស្ស និងចូលរួមសហការបង្ការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងឲ្យបានជោគជ័យ៕