អ៊ីស្រាអែល ប្រកាសដកខ្លួនចេញពី «សន្និសីទមនុស្សធម៌» សម្រាប់តំបន់ហ្គាហ្សានៅទីក្រុងប៉ារីស ដែលរៀបចំដោយប្រធានាធិបតីបារាំង

(ប៉ារីស)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា ការិយាល័យប្រធានាធិបតីបារាំង លោក Emmanuel Macron បាន ប្រកាសថា តំណាងអ៊ីស្រាអែល នឹងមិនចូលរួមក្នុង «សន្និសីទមនុស្សធម៌» សម្រាប់តំបន់ហ្គាហ្សា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទីក្រុងប៉ារីស ដែលរៀបចំដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នោះទេ។

ទោះយ៉ាងណា មន្ត្រីម្នាក់នៅក្នុងការិយាល័យរបស់លោក Macron បានប្រាប់អ្នកយកព័ត៌មានកាល ពីថ្ងៃពុធនេះ ក្នុងលក្ខខណ្ឌមិនបេញ្ចេញឈ្មោះថា អ៊ីស្រាអែលដូចជារដ្ឋាភិបាលផ្សេងទៀតគឺ «ចាប់អារម្មណ៍លើការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពមនុស្សធម៌នៅហ្គាហ្សា»។

វិមាន Elysee បានបន្ថែមថា កាលពីថ្ងៃអង្គារ លោក Macron បាននិយាយជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ហើយពួកគេនឹងនិយាយម្តងទៀតនៅពេលដែលសន្និសីទជំនួយបានបញ្ចប់។

ការិយាល័យប្រធានាធិបតីបារាំងបាននិយាយទៀតថា ប្រធានាធិបតីបារាំងក៏បានពិភាក្សាជាមួយ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi និងមេដឹកនាំប្រទេសកាតា Sheikh Tamim bin Hamad Al Thani កាលពីថ្ងៃអង្គារ។ ប្រទេសទាំងពីរដើរតួយ៉ាងសំខាន់ ក្នុងការប៉ុនប៉ងនាំយក ជំនួយបន្ថែមទៀតដល់តំបន់ហ្គាហ្សាស្ទ្រីប៕