(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយនឹងលោក Justin Whyatt ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពរីករាយ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល អូស្ត្រាលីដែលបានបណ្តុះបណ្តាលសមត្ថភាព និងការគាំទ្រក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័ន មួយដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការគាំទ្រលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជាដែលជាផ្នែកដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងសង្គមកម្ពុជាឱ្យរីកចម្រើនមកដល់ពេលនេះ។
បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់កិច្ចសហ ប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈអង្គការអន្តរជាតិខាងការងារ (ILO)ជាពិសេសគម្រោងនៃការហាមឃាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់អាបេស្តុសក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត។

ក្នុងកិច្ចពិភាក្សាត្រង់ទៅត្រង់មក លោកឯកអគ្គរាជទូត ក៏បានអរគុណដល់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដែលបានទទួលយកគម្រោង និងផ្តល់កិច្ចសហការយ៉ាងរលូនជាមួយរដ្ឋាភិបាល អូស្ត្រាលី។ លោកឯកអគ្គរាជទូត បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខ និង បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា។
មុននឹងបញ្ចប់លោកឯកអគ្គរាជទូត ក៏បានជម្រាបលោករដ្ឋមន្ត្រីថា លោកក្នុងនាមជាអ្នកតំណាងឱ្យ រដ្ឋាភិបាលអូស្ត្រាលីនឹងខិតខំជំរុញឱ្យអ្នកវិនិយោគអូស្ត្រាលីបង្កើនការដាក់ទុននៅកម្ពុជាដើម្បីបង្កើតឱកាសការងារកាន់តែច្រើនបន្ថែមទៀត៕

































