(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអង់គ្លេសបានប្រកាសរួមគ្នាកាលពីថ្ងៃអង្គារ សប្តាហ៍នេះ អំពីការដាក់ទណ្ឌកម្មជុំទី៣ ប្រឆាំងនឹងក្រុមហាម៉ាស ចាប់តាំងពីការវាយប្រហារកាល ពីខែមុនមកលើអ៊ីស្រាអែល ដោយបានកំណត់គោលដៅម្តងទៀតទៅលើក្រុមដែលគាំទ្រដោយ អ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្ម សំដៅទៅលើ «មន្ត្រីក្រុមហាម៉ាស់សំខាន់ៗ និងយន្តការដែលអ៊ីរ៉ង់ផ្តល់ការគាំទ្រដល់ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន»។ ជីហាតអ៊ីស្លាមប៉ាឡេស្ទីន ជាក្រុមសកម្មប្រយុទ្ធមួយទៀតដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា។

វិធានការនេះគឺជាការរឹតបន្តឹងមួយទៀត នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយលុកឆ្លងកាត់ព្រំដែនហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការរាប់ របស់អ៊ីស្រាអែល។ ហើយការវាយលុកសងសឹករបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមក បាន សម្លាប់មនុស្សប្រហែល ១១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិលផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីរ៉ង់អនុញ្ញាតឱ្យក្រុមហាម៉ាស់ និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម ធ្វើសកម្មភាពភេរវកម្មជាចម្បង តាមរយៈការគាំទ្រដែលផ្តល់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម រួមទាំងតាមរយៈការផ្ទេរមូលនិធិ ការផ្តល់ អាវុធ និងការហ្វឹកហ្វឺនប្រយុទ្ធជាដើម»។
ទណ្ឌកម្មនេះមានគោលដៅទៅលើ លោក Nasser Abu Sharif តំណាងក្រុមជីហាតអ៊ីស្លាម ប៉ាឡេស្ទីននៅអ៊ីរ៉ង់ ក៏ដូចជាក្រុមហ៊ុនប្តូរប្រាក់ Nabil Chouman & Co នៅក្នុងប្រទេសលីបង់ដែល បានចោទប្រកាន់ថាគ្រប់គ្រងការផ្ទេរប្រាក់រវាងក្រុមហាម៉ាស និងទីក្រុងតេអេរ៉ង់។
យោងតាមនាយកដ្ឋានរតនាគារបានឱ្យដឹងថា ក្រុមហាម៉ាសកាន់កាប់ទ្រព្យសម្បត្តិសកលដែលប៉ាន់ ស្មានថា មានតម្លៃរាប់រយលានដុល្លារ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា «សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូរបស់យើង រួមទាំងចក្រភពអង់គ្លេសផងដែរ ដើម្បីរារាំងសមត្ថភាពរបស់ក្រុមហាម៉ាសក្នុងការប្រមូល និងប្រើប្រាស់មូលនិធិដើម្បីប្រព្រឹត្តអំពើ ឃោរឃៅ»៕































