ប្រធានាធិបតីអ៊ុយក្រែន ថាបទឈប់បាញ់តាមផ្លូវអាកាសនិងសមុទ្រ អាចស្ទាបស្ទង់ឆន្ទៈពិតប្រាកដរបស់រុស្ស៉ី ក្នុងការបិទបញ្ចប់សង្រ្គាម

(ព្រុចសែល)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យ មេដឹកនាំនៅអឺរ៉ុបគាំទ្រគំនិតនៃបទឈប់បាញ់ រវាងកងកម្លាំងអ៊ុយក្រែននិងរុស្ស៉ី តាមផ្លូវអាកាសនិងផ្លូវសមុទ្រ ដោយនិយាយថា វានឹងអាចបម្រើជាឱកាសមួយ ដើម្បីធ្វើតេស្តឆន្ទៈពិតប្រាកដរបស់ទីក្រុងមូស្គូ ក្នុងការបិទបញ្ចប់សង្រ្គាមឈ្លានពាន រយៈពេលជាង​៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងអំឡុងកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្រុចសែល ជាទីដែលបណ្តាមេដឹកនាំអឺរ៉ុប បានជួបជុំគ្នាដើម្បីពិភាក្សា អំពីវិស័យការពារជាតិ និងការគាំទ្រសម្រាប់អ៊ុយក្រែន ក្រោយសហរដ្ឋអាមេរិកផ្អាកជំនួយយោធាទៅកាន់ទីក្រុងកៀវ លោក ហ្សេលេនស្គី បានលើកឡើងថា គ្រប់គ្នាត្រូវធានាឱ្យបានថា រុស្ស៉ីដែលជាដើមចមតែមួយគត់នៃសង្រ្គាមនេះ មានឆន្ទៈពិតប្រាកដ ក្នុងការបិទបញ្ចប់វាទៅវិញ។

បើតាមលោកប្រធានាធិបតីអ៊ុយក្រែន ឆន្ទៈរបស់រុស្ស៉ី អាចបញ្ជាក់ទៅបាន តាមរយៈមធ្យោបាយងាយស្រួល២ រួមមាន ការឈប់វាយប្រហារលើវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៉ីវិលដទៃទៀត ពោលគឺបទឈប់បាញ់ សម្រាប់ការវាយប្រហារតាមផ្លូវអាកាស ដោយប្រើមីស៉ីល គ្រាប់បែក និងដ្រូន ហើយទី២ គឺបទឈប់បាញ់នៅលើផ្ទៃទឹក គឺមានន័យថា បញ្ឈប់ការធ្វើប្រតិបត្តិការយោធា នៅសមុទ្រខ្មៅ។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងព្រុចសែលធ្វើឡើង បន្ទាប់ពីជំនួបបរាជ័យរវាង លោក ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីសប្តាហ៍មុន ខណៈលោក ត្រាំ កំពុងព្យាយាមជំរុញការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕