រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាល និងចូលរួមពិធីចុះកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដារសុវត្ថិភាព» រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងចំនួន ១៨២គ្រួសារ លើផ្ទៃដី ៥២ហិកតា នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នាឱកាសនោះ លោក ឌិត ទីណា បានលើកឡើងថា ការរៀបចំសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីឱ្យបងប្អូនទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រសួងកសិកម្មបានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ ដោយឡែកបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ។

សូមជម្រាបថា បន្ទាប់ពីលោករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងរួច លោកក៏បានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាព» រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងផងដែរ៕