(ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Anwar Ibrahim ប្រធានអាស៊ានឆ្នាំ២០២៥ និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលអញ្ជើញមកកបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន។

ពិធីដ៏មានអត្ថន័យនេះ បានចាប់ផ្តើមជាមួយនឹងការដាំដើមឈើជានិមិត្តរូប បន្ទាប់មកនឹងមានការចុះហត្ថលេខាលើសៀវភៅក្រាំងមាស ការប្រគល់ផ្ទាំងគំនូរ ព្រមទាំងការចូលរួមកម្រិតខ្ពសមួយចំនួនទៀត រួមមាន៖ ជំនួបរវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) និងឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំអាស៊ាន ព្រមទាំងការថ្លែងសារគោលនយោបាយ។ ការថ្លែងសារគោលនយោបាយ នឹងមានការចូលរួមពីក្រុមអង្គទូតប្រចាំទីក្រុងហ្សាការតា តំណាងអង្គភាពពាក់ព័ន្ធនឹងអាស៊ាន ផ្នែកសិក្សាធិការ និងក្រុមអ្នកវិភាគសិក្សាស្រាវជ្រាវ មេដឹកនាំធុរកិច្ច និងសមាជិកលេខាធិការដ្ឋានអាស៊ានជាដើម។
នៅរសៀលថ្ងៃដដែលលោក Anwar Ibrahim ប្រធានអាស៊ានឆ្នាំ២០២៥ និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រគល់ផ្ទាំងគំនូរជូនឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ កាយវិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ចំពោះការផ្លាស់ប្តូរ និងកិច្ចសហការផ្នែកវប្បធម៌ នៅក្នុងសហគមន៍អាស៊ាន ហើយក៏ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងម៉ាឡេស៊ី និងអាស៊ាន ។

នៅលេខាធិការដ្ឋានអាស៊ាន លោកបណ្ឌិត កៅ រួមជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) និងឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំអាស៊ាន បានមានជំនួបជាមួយលោក Anwar Ibrahim ប្រធានអាស៊ានឆ្នាំ២០២៥ និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ជំនួបនេះសង្កត់ធ្ងន់ពីភាពជាអ្នកដឹកនាំឥតងាករេ និងការប្តេជ្ញាចិត្តជាយូរអង្វែងរបស់ម៉ាឡេស៊ី ក្នុងការពង្រឹងការកសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេស នៅពេលធ្វើជាប្រធានអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានអបអរសាទរម៉ាឡេស៊ី នៅក្រោមការដឹកនាំរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ប្រកបដោយជោគជ័យ ជាពិសេស ការអនុម័តឯកសារ «អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង» ហើយបន្ទាប់មកមានកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលទើបបានបញ្ចប់ នៅដើមខែកក្កដានេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការជំរុញចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសន្តិភាព ភាពធន់ និងវិបុលភាពនៅក្នុងតំបន់។

នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ដដែល លោកAnwar Ibrahim ប្រធានអាស៊ានឆ្នាំ២០២៥ និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញផ្តល់សារគោលនយោបាយ ដោយគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ម៉ាឡេស៊ី និងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥។
លោកបណ្ឌិត កៅ គឹមហួន បានផ្តល់សន្ទរកថាបើក ដោយកោតសរសើរចំពោះការដឹកនាំ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមចំណែកដ៏សំខាន់របស់ម៉ាឡេស៊ី ដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីតម្លៃនៃការធ្វើគោលនយោបាយកម្រិតខ្ពស់ ដោយមេដឹកនាំអាស៊ាន ក្នុងការរៀបចំសារក្នុងតំបន់ និងជំរុញការចូលរួមជាមួយក្រុមអង្គទូត អង្គភាពអាស៊ាន សហគមន៍ធុរកិច្ច ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ដោយត្រួសត្រាយផ្លូវសម្រាប់ការពង្រីកសាច់រឿងរបស់អាស៊ាន នៅក្នុងតំបន់ និងក្រៅតំបន់៕

































