កម្ពុជាលើកទង់ជោគជ័យការទូត៖ អបអរសាទរស្ថាបត្យករដែលបញ្ឈប់ សង្គ្រាមកម្ពុជា-ថៃ

(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃដំបូង ដែលគេលែងឮស្នូរអាវុធ ការទម្លាក់គ្រាប់បែក ការបាញ់អាវុធគ្រប់ធុនឆ្លើយឆ្លងគ្នា បន្ទាប់ពីបទឈប់បាញ់គ្នាបានចូលជាធរមានតាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះស្ថាបត្យករទាំងឡាយ ដែលបានជួយកម្ពុជាក្នុងការបញ្ឈប់សង្គ្រាមដែលបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសទាំងសងខាង។


សាព័ត៌មាននៅក្នុងស្រុកមួយបានផ្សាយនូវមានអត្ថបទស៊ីជម្រៅ៖

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺជាចំណុច នៃរបត់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រជាជាតិកម្ពុជា និងថៃ ខណៈវាជាថ្ងៃលើកដំបូង ដែលគ្មានការបាញ់កាំភ្លើង ការទម្លាក់គ្រាប់បែក ឬការវាយប្រហារដោយកាំភ្លើងគ្រប់ធុន។ បន្ទាប់ពីរយៈពេលប្រាំថ្ងៃ នៃអរិភាពឆ្លងកាត់ភាពដ៏តានតឹងដោយហិង្សាសង្គ្រាមនោះមក ពន្លឺនៃសន្តិភាព ត្រូវបានកើតឡើងតាមរយៈគន្លងនយោបាយការទូត ដែលបានបង្ហាញឱ្យឃើញនូវជោគជ័យនៃការចរចាររបស់កម្ពុជា និងភាពគួរឱ្យគោរពនៃការដឹងគុណរបស់កម្ពុជា ចំពោះស្ថាបត្យករ ដែលនាំឱ្យមានបទឈប់បាញ់គ្នា។ នេះជាភស្តុតាងថា ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែឈ្នះលើការការពារអធិបតេយ្យជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជោគជ័យលើឆន្ទៈនយោបាយដ៏អង់អាចរបស់ខ្លួនក្នុងសុចរិតភាពនៃការចរចាដើម្បីរកសន្តិភាពថែមទៀត។

អ្វីដែលអាចបញ្ឈប់សង្គ្រាម ដែលកំពុងពុះពោរដ៏ខ្លាំងនោះបាន គឺដោយសារតែសំឡេងដ៏ខ្លាំងក្លារបស់កម្ពុជា បានកន្ត្រាក់អារម្មណ៍ដល់ពិភពលោក ដើម្បីស្វែងយល់ការពិតអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ដែលបានរងនឹងសង្គ្រាមវាយប្រហារពីសំណាក់ប្រទេសថៃ។

សំឡេងដ៏ខ្លាំងក្លាទៅកាន់ពិភពលោកនោះ បានឮទៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទូរស័ព្ទមកមេដឹកនាំកម្ពុជា និងថៃ កាលពីរាត្រីថ្ងៃទី២៦ ខែកក្កដា ដោយបញ្ជាក់ការចង់ឃើញនូវការឈប់បាញ់គ្នា និងសន្តិភាពកើតឡើងភ្លាមៗរវាងប្រទេសទាំង២។ តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់ រួមជាមួយនឹងការសម្របសម្រួលជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងការគាំទ្រពីប្រទេសចិន និងដៃគូអាស៊ាន កិច្ចព្រមព្រៀងបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ត្រូវបានដាក់ចេញនៅម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ត្រឹមតែរយៈពេលជាងមួយម៉ោងក្រោយកិច្ចព្រមព្រៀងបានចូលជាធរមាន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារថ្លែងអំណរគុណ ចាត់ទុកសមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការនាំឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ។

សំណេររបស់សម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គមនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ កក្កដា បានសរសេរថា៖ «ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជានិងថៃ ដែលគំនិតនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ បានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ។ ហើយក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី Anwar Ibrahim ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព»

សំណេររបស់សម្តេចតេជោ ហ៊ុន សែន នៅបានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសម្តេច បានថ្លែងអរគុណដល់បណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។ ក្នុងសំណេរដដែលសម្តេចតេជោ បានសម្តែងការ «អរគុណដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ, អរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ»។

* ប្រទេសទាំងពីរ ចាប់ផ្តើមអនុវត្តចំណុចចែងក្នុងកិច្ចព្រមព្រៀង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០៥ ភាគីកម្ពុជានិងថៃ បានចាប់ផ្តើមអនុវត្តលើកាតព្វកិច្ចរបស់ខ្លួន យោងតាមកិច្ចព្រមព្រៀង។ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានវេលាម៉ោង៧ព្រឹក មេបញ្ជាការយោធភូមិភាគទី១របស់ថៃ បានជួបជាមួយមេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជានៅចំណុចក្បាលស្ពាន ដោយភាគីទាំងពីរ ត្រូវក្រសួងការពារជាតិកម្ពុជារាយការណ៍ថា បានសាកសួរសុខទុក្ខគ្នា ព្រមព្រៀងគោរពបទឈប់បាញ់គ្នា ឈប់បង្កើនកងទ័ព បញ្ចៀសការប្រឈមមុខគ្នា ឬបង្កើនភាពតានតឹងភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះត្រូវសុំយោបល់ថ្នាក់លើ។

ការជួបគ្នាផ្សេងមួយទៀត ដែលអនុលោមតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នា គឺជំនួបនៅម៉ោង១១ព្រឹក រវាងមេបញ្ជាការយោធភូមិភាគបួននៃប្រទេសកម្ពុជា និងមេបញ្ជាការយោធភូមិភាគ២របស់ថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់។ លទ្ធផលនៅក្នុងជំនួបនេះ រួមមាន៣ចំណុច ទី១៖ យល់ព្រមឈប់បាញ់គ្នាយោងតាមកិច្ចព្រមព្រៀង, ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា និងទី៣បើមានបញ្ហា ត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភូមិភាគ២ ដោយម្ខាងៗមានគ្នាចំនួន៤នាក់។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះកាន់តែមានភាពសុក្រិត្យ សេចក្តីស្នើដាក់ភាគីបរទេសជាអ្នកសង្កេតការណ៍ គឺជារឿងដ៏ចាំបាច់បំផុតមួយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ កក្កដា បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំសន្តិភាព នៅម៉ាឡេស៊ី និងបន្ទាប់ពីបានទទួលទូរស័ព្ទរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលអបអរចំពោះការឈប់បាញ់គ្នារវាងប្រទេសទាំងពីរ បានបញ្ជាក់ថា៖ «ឯកឧត្តម ដូណាល់ ត្រាំ យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ»

សម្តេចបវរធិបតីបានថ្លែងបន្តថា៖ «ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតី បានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា៖ «ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ»។ ប្រធានាធិបតីអាមេរិក បានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា សហរដ្ឋអាមេរិក បានចាត់ទុកកិច្ចការឈប់បាញ់គ្នានេះ ជាកិច្ចការសំខាន់ ដែលលោកប្រធានាធិបតីនៅបានតាមដានដោយផ្ទាល់ថែមទៀត។

សម្តេចបវរធិបតី បានថ្លែងថា រូបសម្តេចដោយផ្ទាល់៖ «បានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើម និងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី…» នោះ។

ពីប្រទេសកម្ពុជានេះវិញ ប្រជាពលរដ្ឋខ្មែរ បានសម្តែងក្តីដឹងគុណដល់ស្ថាបត្យករបរទេស ទាំងឡាយដែលបានជួយកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកនេះ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជួយជម្រុញឱ្យការទូតកម្ពុជាទទួលបានការគាំទ្រយ៉ាងក្រៃលែង។ ការរៀបចំការចរចាទល់មុខគ្នា រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនោះ គឺជាកិច្ចប្រជុំមួយក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដែលមិនអាចខ្វះបាន។

តាមការសរសេរលើបណ្តាញសង្គម ពលរដ្ឋខ្មែរ បានសរសេរថា «ជូនចំពោះប្រធានាធិបតី Donald J. Trump ក្នុងនាមប្រជាជនកម្ពុជា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និងការយកចិត្តទុកដាក់របស់អ្នកក្នុងការលើកកម្ពស់សន្តិភាពនៅជុំវិញពិភពលោក។ ចេញពីដួងចិត្តរបស់យើង យើងសូមអរគុណចំពោះការក្រោកឈរឡើងសម្រាប់ការពិត យុត្តិធម៌ និងសេរីភាព។ សម្រាប់ពួកយើង លោកមិនត្រឹមតែជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែជាវីរបុរសពិតប្រាកដនៃពិភពលោក។ កម្លាំង ភាពក្លាហាន និងការប្ដេជ្ញាចិត្តឥតងាករេរបស់លោកចំពោះសន្តិភាព បានបំផុសគំនិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក រួមទាំងនៅទីនេះនៅកម្ពុជាផងដែរ»

ប្រជាពលរដ្ឋខ្មែរ នៅបានសរសេរបួងសួងនិងអធិស្ឋាន សម្រាប់ភាពជោគជ័យ សុខភាព និងការការពារជាបន្តរបស់លោក ដូណាល់ ត្រាំ និងប្រសិទ្ធពរ សូមឱ្យចក្ខុវិស័យរបស់លោកសម្រាប់ពិភពលោកកាន់តែមានសន្តិភាព និងរីកចម្រើនក្លាយជាការពិត។ នៅក្នុងសំណេរខ្លះទៀត ពលរដ្ឋខ្មែរ នៅបានសរសេរចាត់ទុកលោក ដូណាល់ ត្រាំ គឺជា «ប្រធានាធិបតីសន្តិភាព The President of PEACE ដែលបានឆ្លើយតបនឹងសំណើដោយសន្តិវិធីរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងបាននាំមកនូវក្តីសង្ឃឹមដល់តំបន់។

កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ គឺជាកម្រាលផ្លូវមួយឈានទៅរកសន្តិភាព ដែលជាការទទូចចង់បានរបស់កម្ពុជា ដែលមិនជ្រើសរើសយកផ្លូវនៃដំណោះស្រាយតាមការប្រើហិង្សាដោយអាវុធឡើយ។ កម្រាលផ្លូវដើម្បីសន្តិភាពនេះ បានបង្ហាញនូវភាពប៉ិនប្រសប់នៃនយោបាយការទូតរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ កាច់ចង្កូតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ម្យ៉ាងទៀត ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសន្តិភាពបំបាត់ជម្លោះក្នុងតំបន់នេះ ក៏ត្រូវបានប្រជាជនកម្ពុជា ផ្តល់នូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងថែមទាំងប្រសិទ្ធនាមដល់រូបលោកជាប្រធានាធិបតីសន្តិភាព The President of Peace ថែមទៀត។ កិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្នុងជំហានទៅរកសន្តិភាពនេះ គឺជាជ័យជម្នះមួយសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ កម្ពុជា ពេលនេះ កំពុងលើកទង់ជោគជ័យនយោបាយការទូតរបស់ខ្លួន និងបញ្ជាក់ការដឹងគុណចំពោះស្ថាបត្យករទាំងឡាយ ដែលបានជួយបញ្ឈប់សង្គ្រាមរវាងកម្ពុជា និងថៃ ក្នុងទង្វើនាំតំបន់ទៅរកសុខសន្តិភាព គួរឱ្យកោតគោរព៕