លោក ហ្សេលេនស្គី កៀងគរការគាំទ្រពីឥណ្ឌា និងអារ៉ាប៊ីសាអូឌីត មុនកិច្ចចរចារវាងលោក ត្រាំ និងពូទីន

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទូរស័ព្ទទៅកាន់មេដឹកនាំនៃប្រទេសឥណ្ឌា និងអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទ ក្នុងគោលបំណងកៀងគរការគាំទ្រសម្រាប់ទីក្រុងកៀវ ឱ្យបានលើសពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោក មុនកិច្ចប្រជុំដែលគ្រោងទុកនៅសប្តាហ៍នេះ រវាងលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះកើតឡើង បន្ទាប់ពីលោក ហ្សេលេនស្គី ទទួលបានការគាំទ្រពីអឺរ៉ុប និងសម្ព័ន្ធមិត្ត NATO កាលពីថ្ងៃអាទិត្យ ចំពេលមានក្តីបារម្ភថា មេដឹកនាំអាមេរិក និងរុស្ស៊ីអាចនឹងព្យាយាមដាក់លក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំកន្លះ។ លោក ហ្សេលេនស្គី បានបញ្ជាក់ថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman អំពីការពង្រឹងជំហររបស់អ៊ុយក្រែននៅក្នុងដំណើរការសន្តិភាពណាមួយ។

នៅក្នុងកិច្ចសន្ទនាជាមួយលោក ម៉ូឌី លោក ហ្សេលេនស្គី បានលើកឡើងពីបញ្ហាទណ្ឌកម្មលើប្រេងរុស្ស៊ី ដោយបានកត់សម្គាល់ថា «វាចាំបាច់ណាស់ក្នុងការកម្រិតការនាំចេញថាមពលរបស់រុស្ស៊ី ជាពិសេសប្រេង ដើម្បីកាត់បន្ថយសក្ដានុពល និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់ការបន្តសង្គ្រាមនេះ»។ ស្របពេលជាមួយគ្នានេះ ភាគីរុស្ស៊ីក៏បានបង្កើនសកម្មភាពការទូតរបស់ខ្លួនផងដែរ ដោយលោក ពូទីន បានទូរស័ព្ទទៅកាន់មេដឹកនាំចិន ឥណ្ឌា និងប្រេស៊ីល ដើម្បីជម្រាបជូនពួកគេអំពីទំនាក់ទំនងរបស់លោកជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ លោក ហ្សេលេនស្គី បានព្រមានថា ការធ្វើសម្បទានណាមួយចំពោះរុស្ស៊ី នឹងមិនអាចបញ្ចុះបញ្ចូលឱ្យទីក្រុងមូស្គូបញ្ឈប់ការប្រយុទ្ធនៅអ៊ុយក្រែនឡើយ ហើយវាចាំបាច់ត្រូវតែបង្កើនសម្ពាធបន្ថែមទៀតលើវិមានក្រឹមឡាំង៕