អ៊ីស្រាអែលអំពាវនាវឱ្យហាម៉ាសចុះចាញ់ ហើយដាក់អាវុធចុះ ខណៈយោធាបន្តវាយប្រហារក្រុងហ្កាហ្សា

(ហ្សេរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar នៅថ្ងៃអាទិត្យនេះ បានចេញមុខអំពាវនាវជាថ្មីម្តងទៀតឱ្យក្រុមហាម៉ាសចុះចាញ់ ដោយបានបញ្ជាក់ថា សង្គ្រាមអាចបញ្ចប់ភ្លាមៗ ប្រសិនបើក្រុមហាម៉ាសព្រមដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងដាក់អាវុធចុះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអំពាវនាវនេះធ្វើឡើង ខណៈដែលយោធាអ៉ីស្រាអែលកំពុងបន្តវាយប្រហារយ៉ាងសន្ធោសន្ធៅលើទីក្រុងហ្កាហ្សា ដែលជាកន្លែងជនភៀសខ្លួនប៉ាឡេស្ទីនរាប់សែននាក់កំពុងជ្រកកោន។

ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Basem Naim បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមរបស់លោកនឹងមិនដាក់អាវុធចុះនោះទេ ប៉ុន្តែនឹងដោះលែងចំណាប់ខ្មាំងទាំងអស់ ប្រសិនបើអ៉ីស្រាអែលយល់ព្រមបញ្ចប់សង្គ្រាម និងដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ដែលនេះគឺជាជំហរដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបានប្រកាន់ខ្ជាប់ជាយូរមកហើយ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកការវាយលុកលើទីក្រុងហ្កាហ្សាកាលពីខែមុន ហើយកងកម្លាំងរបស់ខ្លួនឥឡូវនេះស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីកណ្តាលទីក្រុង។ ការវាយប្រហារកាលពីយប់មិញ បានផ្តាច់ជីវិតមនុស្ស ១៤នាក់នៅទូទាំងទីក្រុង ដែលរួមមានទាំងការវាយប្រហារទៅលើសាលារៀនមួយកន្លែងដែលជាជម្រករបស់ជនភៀសខ្លួនផងដែរ៕