(ឡុងដ៍)៖ ប៉ូលិសអង់គ្លេសបានប្រកាសនៅថ្ងៃអាទិត្យ អំពីការចាប់ខ្លួនមនុស្សជិត ៩០០នាក់ នៅក្នុងបាតុកម្មមួយកាលពីថ្ងៃសៅរ៍ ដែលធ្វើឡើងដើម្បីគាំទ្រក្រុមសកម្មជន Palestine Action ស្របពេលដែលរដ្ឋាភិបាលបានចេញមុខអំពាវនាវឲ្យសាធារណជនបញ្ឈប់ការគាំទ្រចលនាដែលត្រូវបានហាមឃាត់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុម Palestine Action ត្រូវបានចក្រភពអង់គ្លេសប្រកាសថាជាក្រុមភេរវករកាលពីខែកក្កដា បន្ទាប់ពីសមាជិកមួយចំនួនរបស់ខ្លួនបានសម្រុកចូលទៅក្នុងមូលដ្ឋានទ័ពអាកាស និងបំផ្លាញយន្តហោះយោធា។ ក្រុមនេះបានចោទប្រកាន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Keir Starmer ថាបានសមគំនិតនឹងអ្វីដែលខ្លួនហៅថាជាឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៉ីស្រាអែលនៅហ្កាហ្សា។
ប៉ូលិសទីក្រុងឡុងដ៍បានបញ្ជាក់ថា មនុស្សចំនួន ៨៩០នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបាតុកម្មនៅជិតសភាកាលពីថ្ងៃសៅរ៍ ដែលជាចំនួនចាប់ខ្លួនដ៏ច្រើនបំផុតមិនធ្លាប់មានពីបាតុកម្មតែមួយលើក។ ក្នុងចំណោមនោះ ៨៥៧នាក់ត្រូវបានឃាត់ខ្លួនពីបទគាំទ្រជាសាធារណៈចំពោះក្រុមដែលត្រូវបានហាមឃាត់។
ស្នងការរងប៉ូលិសលោកស្រី Claire Smart បានថ្លែងថា «អំពើហិង្សាដែលយើងបានប្រឈមក្នុងពេលប្រតិបត្តិការ ត្រូវបានរៀបចំ និងធ្វើឡើងដោយក្រុមមនុស្សមួយក្រុម…ដែលមានចេតនាបង្កចលាចលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។ ទោះជាយ៉ាងណា ក្រុមអ្នករៀបចំបាតុកម្មបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនមានទាំង អតីតយុទ្ធជន និងបុគ្គលិកសុខាភិបាល ដែលភាគច្រើនជាមនុស្សចាស់ និងជនមានពិការភាព។
គួរបញ្ជាក់ថា ការប្រកាសក្រុម Palestine Action ថាជាក្រុមភេរវករ បានធ្វើឲ្យក្រុមនេះស្ថិតក្នុងបញ្ជីតែមួយជាមួយក្រុម al Qaeda និង Islamic State ដែលធ្វើឲ្យការគាំទ្រ ឬការចូលជាសមាជិករបស់ក្រុមនេះ ក្លាយជាបទល្មើសព្រហ្មទណ្ឌ ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ។ ក្រុមសិទ្ធិមនុស្សបានរិះគន់ការហាមឃាត់នេះថាជាវិធានការហួសហេតុ និងជាការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកតវ៉ាដោយសន្តិវិធី៕
































