រុស្ស៊ី បានបើកការវាយប្រហារផ្លូវអាកាសដ៏ធំបំផុតមួយមកលើទីក្រុងកៀវ, អគាររដ្ឋាភិបាលមួយបានឆាបឆេះ

(កៀវ)៖ រុស្ស៊ីបានបើកការវាយប្រហារផ្លូវអាកាសដ៏ធំបំផុតមួយមកលើអ៊ុយក្រែនកាលពីយប់មិញ ដោយបានធ្វើឱ្យអគាររដ្ឋាភិបាលដ៏សំខាន់មួយនៅកណ្តាលទីក្រុងកៀវឆាបឆេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៣នាក់នៅក្នុងរដ្ឋធានីមួយនេះ ដែលក្នុងនោះមានទារកម្នាក់ផងដែរ។ នេះបើយោងតាមមន្ត្រីអ៊ុយក្រែន ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា ការវាយប្រហារនេះមិនមែនកំណត់គោលដៅតែលើរដ្ឋធានីនោះទេ ប៉ុន្តែបានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើង ខាងត្បូង និងខាងកើតនៃប្រទេសផងដែរ។ នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X លោកបានចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំងក្លាថា «ការសម្លាប់បែបនេះនៅពេលនេះ នៅពេលដែលការទូតពិតប្រាកដអាចចាប់ផ្តើមបានតាំងពីយូរយារណាស់មកហើយ គឺជាឧក្រិដ្ឋកម្មដោយចេតនា និងជាការអូសបន្លាយសង្គ្រាម»

គួរបញ្ជាក់ថា ការវាយប្រហារនេះបានគូសបញ្ជាក់ពីភាពទុទិដ្ឋិនិយមកាន់តែខ្លាំង ទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងក្នុងចំណោមសម្ព័ន្ធមិត្តថា សង្គ្រាមនេះអាចនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះឡើយ ខណៈដែលលោក ពូទីន មានជំហរកាន់តែរឹងមាំដោយសារការរឹតចំណងមិត្តភាពជាមួយចិន។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តកាន់តែខ្លាំងចំពោះទីក្រុងមូស្គូ ប៉ុន្តែរហូតមកដល់ពេលនេះ លោកនៅតែស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ខណៈសម្ព័ន្ធមិត្តអឺរ៉ុបរបស់ក្រុងកៀវ បានប្តេជ្ញាគាំទ្រអ៊ុយក្រែន ប៉ុន្តែជំនួយជាក់ស្តែងនៅតែកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ៕